Cctimesw1140xh150cm copy

កម្មករជាង៧ពាន់នាក់នៃរោងចក្រ២នៅស្វាយរៀងផ្អាកសកម្មភាពក្រោយប៉ះពាល់ដោយកូវីដ១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង

ស្វាយរៀង៖កម្មកររោងចក្រជាង៧ពាន់នាក់នៃរោងចក្រចក្រកាត់ដេរ និងរោងចក្រធ្វើព្រិលបង្អួចដែលស្ថិក្រោមការវិនិយោគរបស់ជនជាតិចិន បានផ្អាកសកម្មភាពក្រោយរងផលប៉ះពាល់ដោយកូវីដ១៩។ នេះបើតាមប្រសាសន៍លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានលើកឡើងថា ការផ្អាកសកម្មភាពរោងចក្រ ជាគោលការណ៍មួយប្រសិនបើរោងចក្រណាដែលទទួលរងផលប៉ះពាល់ពីកូវីដ១៩ ខាងក្រសួងការងារក៏ដូចជាក្រសួងសុខាភិបាលនឹងចេញសេក្តីណែនាំក្នុងការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ ដើម្បីដឹងពីទំហំនៃការប៉ះពាល់រោងចក្រ។ បើសិនជាប៉ះពាល់ធ្ងន់ធ្ងរគឺត្រូវបិទរោងចក្រទាំងមូល ប៉ុន្តែបើប៉ះពាល់តិចតួចគឺតម្រូវឱ្យបិទតែផ្នែកដែលប៉ះពាល់ប៉ុណ្ណោះ គឺមិនឈានដល់ការបិទរោងចក្រទាំងមូលនោះទេ។

លោកបន្តថា ទន្ទឹមនឹងនេះ ខាងក្រុមការងារបានយកវត្ថុសំណាកពីកម្មកររោងចក្រជាង២០០នាក់ នៅក្នុងអាគារដែលមានអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ហើយទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ចំនួន៥៩នាក់ផងដែរ។

លោកបន្ថែមថា មកដល់បច្ចុប្បន្ននេះ ពុំមានករណីវិជ្ជមានបន្ថែមទេ ព្រោះមិនមានការបន្តយកសំណាកនៅតាមអាគាររោងចក្រ ដោយសារកម្មករនៅក្នុងអាគារផ្សេងទៀតពុំបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩នោះឡើយ។

លោកក៏បានឱ្យដឹងដែរថា ទោះបីជារោងចក្រមិនបិទ ក៏ពុំទាន់មានកម្មករមកធ្វើការដែរ ព្រោះបើសិនជាកម្មករមានវិជ្ជមានកូវីដ១៩ ហើយត្រូវធ្វើចត្តាឡីស័កនៅក្នុងអាគាររោងចក្រ នោះរោងចក្រនោះមិនអនុញ្ញាតឱ្យបើកដំណើរការទេ។

ជាក់ស្តែងនៅក្នុងរោងចក្រនេះមានកម្មករកំពុងធ្វើចត្តាឡីស័កជាង៥០នាក់ ហើយបើសិនជាកម្មករដែលសម្រាកនៅផ្ទះចង់ចូលធ្វើការវិញ នោះខាងក្រុមការងារអាចនឹងឱ្យក្រុមហ៊ុនយកអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងរោងចក្រប្តូរទីតាំងទៅខាងក្រៅ ហើយមានការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងអាគាររោងចក្រឱ្យបានល្អ ដើម្បីធានានូវសុវត្ថិភាពដល់កម្មករឱ្យចូលធ្វើការវិញបាន៕

រូបតំណាងកម្មកររោងចក្រនៅខេត្តស្វាយរៀង (រូបភាពប្រភព៖ VOD)


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង