
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ២០ ឧសភានេះ បានថ្លែងបកស្រាយពីទំនាក់ទំនងស្អិតរមួតរវាងប្រទេសកម្ពុជា និងមហាអំណាចចិន។ក្នុងការបកស្រាយនោះសម្តេច ហ៊ុន សែន បានថ្លែងពីជំនួនរបស់ប្រទេសចិនដែលជួយកម្ពុជាជាច្រើនទាំងការសាងសង់ផ្លូវ ស្ពាន និងជួយកម្ពុជានៅពេលដែលប្រជាជនកម្ពុជាមានទុក្ខ។ សម្តេចបានចោទជាសំណួរវិញថា បើគ្មានការជួយជំនួយពីប្រទេសចិន តើកម្ពុជាត្រូវទៅពឹងអ្នកណា?
ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី ២៦ ស្តីពីអនាគតរបស់អាស៊ីនៅថ្ងៃនេះសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានចូលរួមផ្តល់ជំនួយមកដល់កម្ពុជាជាច្រើនដូចជា ការសាងសង់ផ្លូវ ស្ពាន និងជាពិសេសបានជួយប្រជាជនកម្ពុជាក្នុងពេលដែលកំពុងជួបការលំបាកឆ្លងកូវីដ-១៩ តាមរយៈផ្តល់ជំនួយវ៉ាក់សាំងជាដើម។
សម្តេច ហ៊ុន សែន បានចោទជាសំណួរថា បើគ្មានជំនួយពីប្រទេសចិន តើកម្ពុជាត្រូវទៅពឹងអ្នកណា?ហើយសម្តេចឱ្យមិត្តបរទេស ឬ អ្នកវិភាគមួយចំនួនដែលតែងតែរិះគន់កម្ពុជាជួយរកចម្លើយចំពោះសំណួរនេះ។
តែយ៉ាងណាក៏ដោយ បើទោះបីកម្ពុជានិងចិនមានទំនាក់ទំនងស្អិតរមួតជាមួយគ្នាតែភាគីទាំងពីរនៅតែគោរពគ្នាទៅវិញទៅមកដោយមិនមានការបំពានច្បាប់ជាតិ ឬអន្តរជាតិណាមួយនោះទេ។ហើយប្រទេសកម្ពុជាប្រកាន់ជំហរយ៉ាងរឹងមាំគោរពតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។
សម្តេច ហ៊ុន សែន បានសង្គត់ធ្ងន់ថា តាំងពីដើមមកប្រទេសកម្ពុជាមិនដែលបិទទ្វាមិនទទួលជំនួយ ឬការមកវិនិយោគ ការអភិវឌ្ឍន៍ពីបណ្តាប្រទេសណាមួយនោះទេ។ហើយកម្ពុជាតែងតែស្វាគមន៍ជានិច្ចប្រទេសជាមិត្តថា អាមេរិក ចិន ឬប្រទេសដ៏ទៃទៀត៕