ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបន្ថែមការបិទផ្អាកជាបណ្តោះអាសន្ននូវទីតាំងចំនួន៤កន្លែងទៀតដូចជាសណ្ឋាគារ ធនាគារ និងផ្សារទំនើប ក្រោយពីរកឃើញមានករណីវិជ្ជមានកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាស ទីតាំងទាំង៤ដែលរដ្ឋបាលខេត្តសម្រេចផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កមានដូចជា សណ្ឋាគារយៀកឡាយ ធនាគាររួយលី ផ្សារទំនើបខ្នាតតូចឡានធានហ្គូជីសានឆឹង និងកាស៊ីណូអន្តរជាតិវួយនីស៊ី(DV)។ ការបិទផ្អាកនេះធ្វើឡើងបន្ទាប់ពីក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកវត្ថុសំណាកពីភ្ញៀវ ក៏ដូចជាបុគ្គលិកនៅទីតាំងទាំង៤សុទ្ធតែមានវិជ្ជមានកូវីដ១៩។
ដូចនេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដល់ភ្ញៀវ ក៏ដូចជាបុគ្គលិកដទៃទៀត រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកជាបណ្តោះអាសន្ននូវការធ្វើអាជីវកម្មក៏ដូចជាសកម្មភាពនានានៅទីតាំងទាំង៤រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សេចក្តីប្រកាសបន្តថា ក្នុងអំឡុងពេល១៤ថ្ងៃនេះតម្រូវឱ្យម្ចាស់អាជីវកម្មទាំង៤កន្លែងសហការជាមួយក្រុមការងាររដ្ឋបាលខេត្តដើម្បីអ្នកដែលមានការាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ដើម្បីផ្តល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តយកទៅវិភាគរកកូវីដ១៩ តាមការកំណត់។
ចំពោះបុគ្គលិកបម្រើការនៅទីតាំងទាំង៤ ត្រូវផ្អាកការចេញ-ចូលទីតាំងនោះ ហើយនៅក្រោយពេលផ្តល់វត្ថុសំណាករួចរាល់ ត្រូវធ្វើចត្តាឡីស័កឱ្យបាកត្រឹមត្រូវនៅកន្លែងស្នាក់នៅដាច់ដោយឡែកពីគ្នា រង់ចាំរហូតដល់ការធ្វើវិភាគវត្ថុសំណាកអ្នកដែលមានពាក់ព័ន្ធបានគ្រប់ៗគ្នា និងមានលទ្ធផលជាផ្លូវការ ទើបអាចបញ្ចប់ការធ្វើចត្តាឡីស័កតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។
ក្នុងករណីដែលម្ចាស់ធាជីវកម្មខាងលើមិនអនុវត្តតាមខ្លឹមសារខាងលើ រដ្ឋបាលខេត្តព្រះសីហនុនឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕