Cctimesw1140xh150cm copy

រដ្ឋបាលខេត្តព្រះសីហនុបន្តផ្អាកការលក់ដូរនៅផ្សារកងកេង១៤ថ្ងៃបន្ថែមខណៈអាជីវករនៅតែមានវិជ្ជមានកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្ត ព្រះសីហនុសម្រេចបន្តផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មលក់ដូរនៅផ្សារក្នុងក្រុង និងនៅទីតាំងលក់ដូរប្រមូលផ្តុំនៅជាប់ផ្សារកងកេងរយៈពេល ១៤ថ្ងៃបន្ថែមទៀតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការបន្តផ្អាកនេះធ្វើឡើងបន្ទាប់ពីរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់នៅក្នុងចំណោមអាជីវករលក់ដូរនៅតាមផ្សារនានា។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីកាត់ផ្តាច់ឫសគល់ប្រភពនៃការចម្លងមេរោគឱ្យមានប្រសិទ្ធភាព និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តឱ្យបានទាំងស្រុងក្នុងអំឡុងពេល១៤ថ្ងៃនេះ រដ្ឋបាលខេត្តបានអំពាវនាវឱ្យអាជីវករលក់ដូរទាំងអស់សហការជាមួយក្រុមការងាររដ្ឋបាលស្រុកព្រៃនប់ដើម្បីផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងការយកវត្ថុសំណាកពីអ្នកពាក់ព័ន្ធ។

បន្ថែមពីនេះ បើក្នុងករណីសង្ស័យអំពីការឆ្លងជំងឺកូវីដ-១៩ តម្រូវឱ្យក្រុមអាជីវករផ្តល់ព័ត៌មានទៅក្រុមការងារ និងអាជ្ញាធរមូលដ្ឋានដើម្បីក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ តាមការកំណត់។ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តផ្អាកការចេញ-ចូល លក់ដូរនៅក្នុងទីតាំងផ្សារកងកេង និងទីតាំងលក់ដូរប្រមូលផ្តុំនៅជាប់ផ្សារនោះជាដាច់ខាត។

ចំពោះអ្នកលក់ដូរដាច់ដោយឡែកតាមផ្ទះនីមួយៗដែលបានផ្តល់វត្ថុសំណាករួចរាល់ ហើយទទួលបាន លទ្ធផលតេស្តអវិជ្ជមានត្រូវបានអនុញ្ញាតឱ្យលក់ដូរវិញបាន ប៉ុន្តែត្រូវអនុវត្តស្តង់ដារសុវត្ថិភាពមួយចំនួនសម្រាប់ ការលក់ដូរបណ្តោះអាសន្នមួយចំនួន។

ស្តង់ដារសុវត្ថិភាពសម្រាប់ការលក់ដូរមានដូចជា៖ បើកដំណើរការលក់ដូរចាប់ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ៥:០០ នាទីរសៀល -អាជីវករត្រូវរៀបចំឱ្យមានការរក្សាគម្លាតសុវត្ថិភាព និងត្រូវមានអាល់កុល ឬដែលសម្រាប់អតិថិជន លាងដៃគ្រប់ៗគ្នា, នៅតាមផ្ទះនីមួយៗត្រូវមានខ្សែសុវត្ថិភាពចងព័ទ្ធជុំវិញ និងមិនត្រូវអនុញ្ញាតឱ្យអ្នកទិញចូលផ្ទះជាដាច់ខាត និងត្រូវគោរពគោលការណ៍ផ្សេងៗទៀតដូចដែលមានចែងក្នុងសេចក្តីប្រកាស៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង