ភ្នំពេញ៖ ក្រុមគ្រូពេទ្យនៃតំបន់ស្វយ័តGuangxi ប្រទេសចិន ចំនួន ៧រូប បានមកកាន់ប្រទេសកម្ពុជា ហើយដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ការមកដល់របស់អ្នកជំនាញវេជ្ជសស្ត្រនេះ ត្រូវបានអញ្ជើញទទួលដំណើរដោយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ថ្នាក់ដឹកនាំតំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និង ថ្នាក់ដឹកនាំជាច្រើនទៀត។
យន្តហោះមួយគ្រឿងដែលបានដឹកក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំង COVID-19 និង សម្ភារៈប្រឆាំងនឹងជម្ងឺវីរុស ដែលជាជំនួយរបស់ប្រទេសចិនជូនចំពោះប្រទេសកម្ពុជា ត្រូវបានចុះចតក្នុងអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ។
បើតាមស្ថានទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ ស្ថានភាពការឆ្លងវីរុសCOVID-19 ក្នុងប្រទេសកម្ពុជាមានការវិវឌ្ឍន៍ឥតឈប់ឈរ ដែលបានធ្វើឲ្យប្រជាពលរដ្ឋចិនមានអារម្មណ៍ដូចប្រជាពលរដ្ឋកម្ពុជា។ ដើម្បីជួយកម្ពុជាក្នុងកិច្ចប្រឆាំងនឹងជំងឺវីរុស រដ្ឋាភិបាលចិនបានសម្រេចចាត់បញ្ជូនក្រុមគ្រូពេទ្យនៃតំបន់ស្វយ័ត Guangxi ប្រទេសចិនចំនួន៧រូបមកកាន់ប្រទេសកម្ពុជា។
សមាជិកនៃក្រុមគ្រូពេទ្យជំនាញទាំងនេះ នឹងអញ្ជើញពិភាក្សាអំពីបទពិសោធន៍នៃកិច្ចប្រយុទ្ធប្រឆាំងនឹងវីរុសជាមួយនឹងភាគីកម្ពុជា ជួយសម្របសម្រួលកិច្ចប្រយុទ្ធប្រឆាំងនឹងវីរុសដល់ភាគីកម្ពុជា និងផ្តល់យោបល់ណែនាំជូនដល់អ្នកជំងឺក្នុងពេលព្យាបាល។
ទន្ទឹមនឹងនេះ ដើម្បីជួយដោះស្រាយបញ្ហាកង្វះសម្ភារៈទប់ស្តាត់នឹងជំងឺវីរុសក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលចិន ក៏បានជំនួយជាម៉ាសវេជ្ជសាស្រ្ត ម៉ាសN95 សម្លៀកបំពាក់ការពារវីរុស វ៉ែនតាការពារ និងសម្ភារៈផ្សេងទៀតយ៉ាងច្រើន ជូនដល់ភាគីកម្ពុជាផងដែរ។
គួរបញ្ជាក់ថា នេះក្រុមអ្នកជំនាញប្រយុទ្ធប្រឆាំងនឹងវីរុសដែលត្រូវបានចាត់បញ្ជូនមកកាន់តំបន់អាស៊ានដំបូងគេបង្អស់ដោយរដ្ឋាភិបាលចិន។