បាត់ដំបង៖ បុរសជាជនជាតិបរទេសម្នាក់ បានទទួលមរណភាព នៅព្រឹកម៉ោង៧ និង៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយសារខ្សោយតម្រងនោម ដោយសារជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ និងមានមេរោគជំងឺកូវីដ-១៩។
ក្នុងសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ជនបរទេស ១នាក់ ឈ្មោះ THAPA RAM BAHADIR ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិនេប៉ាល់ មានអាសយដ្ឋាននៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្លាប់នៅវេលាម៉ោង៧ និង៣០នាទីព្រឹក នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយសារខ្សោយតម្រងនោម ដោយសារជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ និងមានមេរោគជំងឺកូវីដ-១៩។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក្រុមគ្រូពេទ្យ និងសាធារណជន បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព។
សូមបញ្ជាក់ថា ត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រោយចាប់ផ្តើមពីមានការផ្ទុកជំងឺកូវី៥-១៩ នៅខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៧១នាក់ បានព្យាបាលជាសះស្បើយចំនួន ២៩នាក់, ករណីស្លាប់ ១នាក់ និងកំពុងសម្រាកព្យាបាលចំនួនសរុបចំនួន ៤១នាក់៕