
ភ្នំពេញ៖ កិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២១ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ត្រូវបានរៀបចំឡើងជាផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២១។ក្នុងកិច្ចចរចាឆ្នាំនេះ ភាគីអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៣ លានអឺរ៉ូ សមមូលនឹង ៦៣ លានដុល្លារអាមេរិក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា សម្រាប់ឆ្នាំ២០២១- ២០២២។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជា់ថា កិច្ចចរចារយៈពេល២ថ្ងៃនៅឆ្នាំនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យក្នុងស្មារតីស្ថាបនា និងភាពជាដៃគូស្មើភាពគ្នា ក្នុងកិច្ច សហប្រតិបត្តិការ ។ ជាលទ្ធផល ភាគីទាំងពីរ បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើអាទិភាព ចំនួន ៣ គឺ ១) សន្តិភាព និងសង្គមប្រកបដោយបរិយាប័ន្ន, ២) ការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍ ប្រកបដោយចីរភាពសម្រាប់ការងារសមរម្យ និង ៣) ទំនួលខុសត្រូវចំពោះភពផែនដី (វិស័យថាមពល និង អាកាសធាតុ) ដែលមានសង្គតិភាពយ៉ាងល្អប្រសើរទៅនឹងអាទិភាពជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបៀបវារៈ ឆ្នាំ២០៣០ របស់អាល្លឺម៉ង់ ។
បើតាមសេចក្តីប្រកាសដដែល ក្នុងកិច្ចចរចាឆ្នាំនេះ ភាគីអាល្លឺម៉ង់បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៣ លានអឺរ៉ូ សមមូលនឹង ៦៣ លានដុល្លារអាមេរិក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា សម្រាប់ឆ្នាំ២០២១- ២០២២ ។ ទំហំហិរញ្ញប្បទានឥតសំណងនេះរួមមាន ២៦ លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និង ២៧ លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ។
បន្ថែមលើនេះ នាខែមីនា ឆ្នាំ២០២១ ភាគីអាល្លឺម៉ង់ បានផ្តល់ហិរប្បទានឥត សំណង ចំនួន ៤,៨ លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ។ បើបូកបញ្ចូលទាំងហិរញ្ញប្បទាន ដែលបានសន្យាផ្តល់ក្នុងកិច្ចចរចានេះ ទំហំហិរញ្ញប្បទានសរុបបានកើនដល់ ៥៧,៨ លានអឺរ៉ូ សមមូលនឹង ៦៩ លានដុល្លារអាមេរិក ។
គួរបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងវិបត្តិសុខភាពសកល, គិតត្រឹមខែមីនា ឆ្នាំ២០២១ ភាគីអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១៣,៨ លានអឺរ៉ូ សមមូលនឹង ១៧ លានដុល្លារអាមេរិក ដើម្បីគាំទ្រ ដល់វិធានការឆ្លើយតបបន្ទាន់ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវី-១៩ នៅកម្ពុជា ។ ហិរញ្ញប្បទាននេះ ត្រូវបានប្រើប្រាស់ដើម្បីរួមចំណែកគាំទ្រដល់វិធានការឆ្លើយតបបន្ទាន់ទៅនឹងផលប៉ះពាល់នៃជំងឺកូវី៥-១៩ និងវិធានការ ស្តារសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីអាល្លឺម៉ង់ក៏បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា តាមរយៈគម្រោងថ្នាក់តំបន់ និងសាកល ព្រមទាំងតាមរយៈស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិ អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប៕