ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់របស់កម្ពុជាម្នាក់ជាជនជាតិខ្មែរ បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីមន្ត្រីរូបនេះបានធ្វើដំណើរពីប្រទេសបារាំង។នេះបើតាមការចុះផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជា។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងមិនបានបញ្ជាក់មន្ត្រីដែលមានផ្ទុកជំងឺកូវីដ-១៩នោះ មានតួនាទី ហើយនៅក្រសួងណានោះទេ ដោយក្រសួងសុខាភិបាលគ្រាន់តែបញ្ជាក់ថា បច្ចុប្បន្នក្រសួងបានបញ្ចូលទិន្និន័យមន្រ្តីជាន់ខ្ពស់ម្នាក់នេះចូលក្នុងតារាងទិន្នន័យរួមតាំងពីថ្ងៃទី១៨ មីនា ២០២០ ម្លេះ (សូមពិនិត្យក្នុងតារាងចាស់គូសរង្វង់ក្រហម)។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ក្រសួងគ្មានហេតុផលលាក់ទិន្នន័យប្រជាពលរដ្ឋនោះទេ ក្រសួងធ្វើតាមជំនាញបច្ចេកទេសដោយមានសហការជិតស្និទ្ធជាមួយអង្គការ WHO USCCDC និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
គិតត្រឹមម៉ោង ២:៣០រសៀល ថ្ងៃទី ២២ មីនា ២០២០ កម្ពុជាបានរកឃើញអ្នកជំងឺ សរុបទាំងអស់ចំនួន ៥៣ករណី ។ រហូតពេលនេះក្រសួងសុខាភិបាលកម្ពុជា បានព្យាបាលជាសះស្បើយចំនួន ពីរនាក់ គឺជនជាតិចិន១នាក់ និង ជនជាតិអង់គ្លេស១នាក់។
ក្រសួងសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជា ពុំទាន់រកឃើញភ័ស្តុតាងណាបញ្ជាក់ថា មានការឆ្លងក្នុង«សហគមន៍»នៅឡើយទេ ប៉ុន្តែលទ្ធភាពនៃការឆ្លងនឹងអាចកើតមានឡើងនៅពេលខាងមុខ៕