
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៥ ឧសភានេះ បានប្រកាសបន្តចាក់វ៉ាក់សាំងដូសទី១ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ហើយសម្តេចបានដាក់គោលដៅស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្តាល ខណៈដែលប្រភផ្តល់វ៉ក់សាំងគឺមកពីប្រទេសចិន។
ថ្លែងតាមរយៈសារជាសំឡេង សម្តេច ហ៊ុន សែន បានប្រកាសជាសាធារណៈថា រដ្ឋាភិបាលកម្ពុជានឹងចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងអស់។សម្តេចថ្លែងថា "យើងនឹងស្រោចទីក្រុងភ្នំពេញ និងខេត្តកណ្តាលឱ្យជន់លិចដោយវ៉ាក់សាំង តែបច្ចុប្បន្ននេះយើងចាក់ជូនពលរដ្ឋនៅក្នុងតំបន់ក្រហម។"
ទាក់ទងនឹងប្រភពវ៉ាក់សាំងវិញ សម្តេច ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងនឹងមានការជួយផ្គត់ផ្គង់ពីប្រទេសចិនដែលជាប្រភពដែលផ្តល់ជំនួយមិនចេះរីងស្ងួតសម្រាប់កម្ពុជាមិនថា ជំនួយ និងការផ្គត់ផ្គង់ការទិញវ៉ាក់សាំងសម្រាប់ប្រទេសកម្ពុជា។
សម្តេច ហ៊ុន សែន បានសម្តែងនូវសេចក្តីរីករាយចំពោះដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទទួលបានលទ្ធផលល្អ ដែលធ្វើឱ្យចំនួនអ្នកទទួលការចាក់វ៉ាក់សាំងបានប្រមាណ១លាន ៥សែននាក់ ស្មើនឹង១៥ភាគរយនៃផែនការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។