
ភ្នំពេញ៖ ទោះបីជារាជរដ្ឋាភិបាលបានប្រកាសឈប់ឱ្យមានការបិទខ្ទប់នៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានានៅទូទាំងប្រទេសកម្ពុជា ក៏ដំណើរកំសាន្តរបស់ភ្ញៀវទេសចរជាតិនៅកម្ពុជាពុំទាន់មានភាពទូលំទូលាយនៅឡើយទេ។ នេះបើតាមប្រសាសន៍របស់លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ទោះបីស្ថានការណ៍ទេសចរណ៍នៅកម្ពុជាមិនទាន់មានសភាពដូចដើម ប៉ុន្តែបច្ចុប្បន្នក៏មានសភាពគ្រាន់បើបន្តិចម្តងៗ ហើយការដឹកទំនិញនៅតែបន្តមាន ការធ្វើដំណើរចេញ-ចូលពីខេត្តមួយទៅមួយក៏មានសកម្មភាពអ៊ូអរឡើងវិញជាបណ្តើរៗផងដែរ។
លោកស្រីបន្ថែមថា ភាគច្រើននៅតាមរមណីដ្ឋាននានា សម្មភាពចេញទស្សនារបស់ភ្ញៀវទេសចរមានមិនលើសពី១០០នាក់ទេ ហើយការទស្សនានេះមានលក្ខណៈជាក្រុមគ្រួសារដោយសុទ្ធតែជាភ្ញៀវទេសចរដែលស្ថិតនៅក្នុងតំបន់ ឬនៅតំបន់ជិតៗគ្នាតែប៉ុណ្ណោះ។ កត្តានេះគឺបណ្តាលមកពីប្រជាពលរដ្ឋទាំងអស់មានការយល់ដឹងកាន់តែខ្ពស់ពីការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ដោយពុំហ៊ានមានការប្រមូលផ្តុំគ្នាច្រើន ហើយអាជ្ញាធររាជធានី-ខេត្តក៏នៅតែបន្តការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តវិធានការ៣កុំ ៣ការពារជានិច្ចផងដែរ។
លោកស្រីបន្តថា កម្ពុជាអាចមានដំណើរការនៃវិស័យទេសចរណ៍បានដូចដើមវិញ លុះត្រាតែប្រជាពលរដ្ឋទាំងអស់ទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្នា នោះការបើកទទួលដំណើរកំសាន្តភ្ញៀវទេសចរមកទស្សនានៅកម្ពុជា លែងមានកម្រិតទៀតដែរ។ ការបើកទទួលទេសចរនេះ គឺកម្ពុជាបានត្រៀមរួចរាល់ជាស្រេចដោយទទួលតែទេសចរណាដែលបានចាក់វ៉ាក់សាំងរួច ឬប្រទេសណាដែលមានការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩បានល្អតែប៉ណ្ណោះ។
ទោះជាកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ក៏ដោយ ក៏លោកស្រីនៅតែមានទស្សនៈថា វិស័យទេសចរណ៍នឹងមិនទាន់មានកំណើនជាក់លាក់ណាមួយឡើយនៅក្នុងឆ្នាំ២០២១នេះ ព្រោះវិស័ទេសចរណ៍កម្ពុជាមានការងើបឡើងវិញបានលុះត្រាតែប្រទេសជិតខាង ឬប្រទេសផ្សេងៗនៅក្នុងសកលលោកទទួលបានវ៉ាក់សាំងដូចគ្នា ទើបកម្ពុជាហ៊ានបើកឱ្យភ្ញៀវទេសចរណ៍ចូលមកកម្ពុជាបាន។
ទន្ទឹមនឹងនេះ លោកស្រីក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលឱ្យមានវិធានពិសេសណាមួយបន្ទាន់ដើម្បីជួយវិស័យទេសចរណ៍ឱ្យឆាប់ងើបឡើងវិញ ដើម្បីទាក់ទាញអ្នកជំនាញទេសចរណ៍ឱ្យមកចាប់យកជំនាញនេះវិញ ព្រោះថាបច្ចុប្បន្នអ្នកជំនាញទេសចរណ៍ឬធនធានទេសចរណ៍មួយចំនួនបានប្តូរអាជីពជាបណ្តើរៗ។ បើវិស័យនេះនៅតែមិនមានសន្ទុះវិញនោះមិនត្រឹមតែមិនបានជួយដល់សេដ្ឋកិច្ចជាតិទេ ប៉ុន្តែធនធានទេសចរណ៍ក៏អាចនឹងត្រូវបាត់បង់កាន់តែច្រើនផងដែរ។
សូមបញ្ជាក់ជូនថា នៅឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ១០លាននាក់ ក្នុងនោះភ្ញៀវជាតិ ៩លាននាក់ ធ្លាក់ចុះ២០% និងភ្ញៀវបរទេស ១,៣លាននាក់ ធ្លាក់ចុះ៨០%។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍៕