ព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសរកឃើញករណីវិជ្ជមានចំនួន១២៣នាក់ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ ហើយភាគច្រើនជាអាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១២៣នាក់។ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង ១២៣នាក់រួមមាន៖ អាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ ក៏ដូចជាអ្នកពាក់ព័ន្ធជាមួយអាជីវករទាំងនោះ រួមទាំងប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ចំនួន ១នាក់។