ភ្នំពេញ៖ យោងតាមទិន្នន័យពីក្រសួងសុខាភិបាលបានបញ្ជាក់ថា កំឡុងពេលបច្ចុប្បន្នមានការហៅចូលលេខ ១១៥ យ៉ាងច្រើនលើសលុបមិនថាយប់ ឬថ្ងៃ។ គិតមកត្រឹមថ្ងៃនេះ អ្នកតេសួរពីជំងឺ កូវីដ-១៩ មានចំនួនសរុបជាង៩៣ម៉ឺននាក់ ដោយក្នុងមួយថ្ងៃហៅចូលនិងភ្ជាប់ទំនាក់ទំនងជាង ៩ពាន់នាក់។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏សូមឲ្យសាធារណៈជនទាំងអស់ មានការយោគយល់និងអត់ធ្មត់ និងសំណូមពរអោយធ្វើការហៅមកជាថ្មីម្តងទៀត ប្រសិនបើមិនអាចទំនាក់ទំនងបាន។ ក្រុមការងារទូរសព្ទទាន់ហេតុការណ៍លេខ ១១៥ រង់ចាំទទួលនូវការរាយការណ៍ និងសាកសួរព័ត៌មានអំពីជំងឺ COVID-19 ដោយក្តីសោមនស្សរីករាយ។
បន្ថែមពីនេះ ក្រសួងជំរាបជូនដល់សាធារណ:ជនថា រាល់ការហៅចូលមកកាន់លេខទាន់ហេតុការណ៍ ១១៥ មានពេលខ្លះរង់ចាំយូរ ឬមិនអាចភ្ជាប់បាន ដោយសារប្រព័ន្ធត្រូវធ្វើការបញ្ជូន ការហៅទៅកាន់ទូរសព្ទដៃមន្ត្រីចំនួន ២៥នាក់ ដែលរង់ចាំទទួលការហៅចូល។