ភ្នំពេញ៖ ក្រសួងអប់រំ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានណែនាំដល់អង្គភាពអប់រំទាំងអស់ ត្រូវបំពេញការងារដោយមិនចាំបាច់រៀបចំវេនការងារ ឬមន្ត្រីប្រចាំការនៅកន្លែងនោះ ត្រូវបំពេញការងារនៅតាមផ្ទះរៀងៗខ្លួន អនុវត្តតាមប្រព័ន្ធអនឡាញទាំងស្រុង។
ក្នុងសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី«វិធានការសម្រាប់មន្ដ្រីបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរោតត្បាតនៃជំងឺកូវីដ-១៩» ក្នុងគោលបំណង ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។
ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិទាំងអស់ មានដូចជា៖ ១) រាល់ការងាររដ្ឋបាលទាំងអស់ ត្រូវអនុវត្តតាមប្រព័ន្ធអនឡាញទាំងស្រុង។ ២) មន្ត្រីអប់រំទាំងអស់ ត្រូវបំពេញការងារនៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ។ ៣) គ្រប់អង្គភាពទាំងអស់ មិនចាំបាច់រៀបចំវេនការងារ ឬមន្ត្រីប្រចាំការ។
ជាមួយគ្នានេះ តាមរយៈសេចក្ដីណែនាំខាងលើ អង្គភាពថ្នាក់ជាតិទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវតាមដាន រាយការណ៍ជាប្រចាំអំពីស្ថានភាពសុខភាពរបស់មន្ត្រី ករណីមានការសង្ស័យ ឬស្ថានភាពសុខភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬខលទៅ ១១៥ ជាបន្ទាន់៕