
ភ្នំពេញ៖សេដ្ឋកិច្ចកម្ពុជាមានកំណើន អវិជ្ជមានប្រមាណជាង-៣% ក្នុងឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២១នេះ។ ពោលដោយសារតែកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ហា សុខភាព សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ដល់កិច្ច ដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជាផងដែរ។
យោងតាមសារលិខិតរបស់សម្ដេចហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរបានឱ្យដឹងថា រាប់តាំងពីឆ្នាំ២០២០ និង២០២១មក សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមាន ពោលគឺធ្លាក់ចុះប្រមាណ៣ភាគរយ ដោយសារតែឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩។
ទោះជាយ៉ាងណា កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាលប្រុង ប្រយ័ត្ននិងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការប្រកួត ប្រជែង ព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក។
ក្នុងសារលិខិតបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង ៣៦ ៤០៨លានដុល្លារអាម៉េរិក ចំណែកឯការនាំចេញមានប្រមាណជាង១៧ ៤៣៦លានដុល្លារអាម៉េរិក។
ចំណែក អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាបនិងអាចគ្រប់គ្រងបានទុនបម្រុងអន្តរជាតិ បន្តកើនឡើង២១,៣ប៊ីលានដុល្លារអាម៉េរិក។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលកម្ពុជាបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការរើសអើង។
សូមជម្រាបថា ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ពី១ ៦៧៩ដុល្លារអាម៉េរិក ក្នុង ឆ្នាំ២០១៩ ដល់ប្រមាណ១ ៦៨៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០។
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានរៀបចំ ប្រាក់ចំណូលជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ឱ្យទទួលបាននូវប្រាក់បៀវត្សអប្បបរមា កើនដល់ កម្រិតជាង១លាន១៧ម៉ឺនរៀល ហើយការបើកបៀវត្សបានអនុវត្តទាន់ពេលវេលាគឺបើក២ដងក្នុងមួយខែ តាមប្រព័ន្ធធនាគារ។
តួយ៉ាងក្នុងឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលសម្រេចបានការងារធំៗជាច្រើនវិស័យ ក្នុងនោះការកសាងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ស្ពាន ត្រូវបានបន្តអនុវត្តជាប់ជាប្រចាំ ស្របតាមការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាជន៕