.jpg?1617856969)
ភ្នំពេញ៖ ទោះបីកម្ពុជាបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺឆ្លង កូវីដ-១៩មែនពិត តែងាកមកមើលវិស័យឧស្សាហកម្ម និងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់ ខណៈវិស័យទេចរណ៍មានការធ្លាក់ចុះ។
យោងតាមខ្លឹមសាររបស់សម្ដេចហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ទោះបីព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺឆ្លង កូវីដ-១៩ក្តី ក៏វិស័យឧស្សាហកម្មនិងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់ តែចំពោះវិស័យទេសចរណ៍មានការធ្លាក់ចុះយ៉ាងគំហុករហូតដល់៨០,២០%។
ក្នុងសារលិខិតបានឱ្យដឹងថា កម្ពុជាមានរោងចក្រសរុបមានចំនួន ជាង១ ៨៦៤រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្ម ធុនតូច មធ្យម និងសិប្បកម្មជាង៤៣ ០៨២មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណ ជាង១,៥លាននាក់។
ចំណែកភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា មានចំនួនប្រមាណ១,៣១លាននាក់ ថយចុះ ប្រមាណ៨០,២០% និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៧,២៣លាននាក់ ថយចុះប្រមាណ៣៦,១០% បើធៀបនឹងឆ្នាំ២០១៩។ ចំណូលពីវិស័យទេសចរណ៍បានប្រមាណ១,០២៣លានដុល្លារអាម៉េរិក ថយចុះ ៧៩,២០% ហើយចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរទទួលបានប្រមាណជាង១៨លាន ដុល្លារអាម៉េរិក និងមានភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រមាណជាង៤០ម៉ឺននាក់។
ចំពោះកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងវិស័យទេសចរណ៍ដែលព្យ ការងារកំពុងទទួលបាននូវប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល៤០ដុល្លារអាម៉េរិក ក្នុងមួយខែ ដើម្បីជួយធ្វើឱ្យពលរដ្ឋមានលំនឹងជីវិតនិងអាចលើកកម្ពស់ជំនាញ និងបង្កើនផលិតភាពការងាររបស់ខ្លួនតាមរយៈការ បណ្តុះបណ្តាលជំនាញរយៈពេលខ្លី។
ក្រឡេកមកមើលវិស័យសំណង់ កម្ពុជាបាននិងកំពុងរីកលូតលាស់ ដោយមានអគារខ្ពស់ៗប្រមាណជាង២ ១៨០អគារ ចាប់ ពី៥ជាន់ ទៅ៤០ជាន់ឡើង ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងនៅតាមបណ្តាខេត្តមួយចំនួន។
កន្លងទៅនេះ ដោយសារអាកាសធាតុមានលក្ខណៈអំណោយផល ល្អសម្រាប់ការបង្កបង្កើនផលដំណាំស្រូវនៅទូទាំងប្រទេស បានធ្វើឱ្យបរិមាណផលិតផល ស្រូវរដូវវស្សានិងស្រូវរដូវប្រាំងសម្រេចបានប្រមាណជាង ១០,៩៣លានតោន គឺប្រហាក់ប្រហែលនឹង ឆ្នាំ២០១៩ ដែលតាមការប៉ាន់ស្មាន កម្ពុជាមានអតិរេកស្រូវជាង៥,៩២លានតោន គិតជាអង្ករស្មើនឹង៣,៧៩ លានតោន សម្រាប់បម្រើឱ្យការនាំចេញ។ រីឯការនាំចេញអង្ករទៅទីផ្សារបរទេសបានជាង៦៩ម៉ឺនតោន ទៅ កាន់ទិសដៅ ៦០ប្រទេស៕