Cctimesw1140xh150cm copy

ម៉ូតូ-ម៉ូតូកង់បី-ឡាន សរុបចំនួន១៥៤គ្រឿងត្រូវបានអាជ្ញាធរឃាត់ទុកដោយសារបំពានបម្រាមគោចរ គិតត្រឹមព្រឹកថ្ងៃទី០៤មេសានេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមរបាយការណ៍ឃាត់មធ្យោបាយធ្វើដំណើររបស់អ្នកបំពានបម្រាមគោចរ​ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញថា ម៉ូតូ-ម៉ូតូកង់បី-ឡាន ចំនួន ១៥៤គ្រឿងរបស់ប្រជាពលរដ្ឋ ត្រូវបានឃាត់ទុកនៅតាមតំបន់មូលដ្ឋាននីមួយៗ នៅរាជធានីភ្នំពេញ ដែលអនុវត្តទៅតាមសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ។

គួរកត់សម្គាល់ថា ​អាជ្ញាធររាជធានីភ្នំពេញបានឃាត់មនុស្ស រួមទាំងម៉ូតូ​ និងរថយន្ត កាលពីយប់ថ្ងៃទី២ ខែមេសា​ ដោយមិនទាន់ដាក់ពិន័យ និងរឹបអូសមធ្យោបាយធ្វើដំណើរទៅរក្សាទុកឡើយទេ​​ ដោយគ្រាន់តែណែនាំ​ពលរដ្ឋសិន។

ជាមួយគ្នានេះ យោងតាមរបាយការណ៍ឃាត់មធ្យោបាយធ្វើដំណើររបស់អ្នកបំពានបម្រាមគោចរ បានបង្ហាញថា អាជ្ញាធរក៏បានឃាត់ទុកនូវមធ្យោបាយធ្វើដំណើររបស់ប្រជាជននៅរាជធានីភ្នំពេញ បន្ទាប់ពីបានបំពានបម្រាមគោចរ គិតចាប់ពីថ្ងៃទី០៣ ដល់ត្រឹមព្រឹកថ្ងៃ០៤ មេសានេះ មានដូចជា ចំនួនម៉ូតូប្រមាណ ១២៩គ្រឿង, រថយន្ត(ឡាន) ចំនួន ១៨គ្រឿង, ម៉ូតូកង់បី (PassApp) ចំនួន ០៧គ្រឿង។

នៅរាត្រីទី០២ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ អាជ្ញាធរនៅរាជធានីភ្នំពេញ បានធ្វើការឃាត់ទុកនូវមធ្យោបាយធ្វើដំណើររបស់អ្នកបំពានបម្រាមគោចរ សរុបចំនួន ៧៧គ្រឿង រួមមានម៉ូតូ ចំនួន ៦៩គ្រឿង, ម៉ូតូកង់បី (គ្មាន) និងរថយន្ត ចំនួន១០គ្រឿង។ ដោយឡែកនៅរាត្រីទី៣ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរនៅរាជធានីភ្នំពេញ បានធ្វើការឃាត់ទុកនូវមធ្យោបាយធ្វើដំណើររបស់អ្នកបំពានបម្រាមគោចរ សរុបចំនួន ៧៧គ្រឿង រួមមានម៉ូតូ ចំនួន ៦០គ្រឿង, ម៉ូតូកង់បី ចំនួន ០៧គ្រឿង និងរថយន្ត ចំនួន ១០គ្រឿង។

សូមបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ដែលអនុវត្តក្នុងរយៈពេលពេល០២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ដោយកំណត់បម្រាមគោចរ ក្នុងចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ បើគ្មានភារកិច្ចចាំបាច់ និងបន្ទាន់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង