ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកសណ្ដាគារកំពង់ដឺវ៉ា រីសត និងអគារស្នាក់នៅរួមជាបណ្តោះអាសន្ន និងធ្វើជាមណ្ឌលចត្តាឡីស័ក ក្រោយពីលទ្ធផលតេស្តអ្នកបម្រើនៅសណ្ឋាគារនេះ និងអ្នករស់នៅក្នុងអគាររួម មានវិជ្ជមានកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពញរះសីហនុនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តតម្រូវឱ្យម្ចាស់សណ្ឋាគារកំពង់ដឺវ៉ា រីសត និងម្ចាស់អគារស្នាក់នៅរួម ផ្អាកជាបណ្តោះអាសន្ននូវការចេញ-ចូលសណ្ឋាគារនោះជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យមនុស្សដែលកំពុងស្នាក់នៅក្នុងទីនោះចេញ-ចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។
សេចក្តីជូនដំណឹងបន្តថា ក្រុមការងាររដ្ឋបាលខេត្តនឹងរៀបចំទីតាំងទាំងពីរនោះជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងយកវត្ថុសំណាកពីអ្នករស់នៅក្នុងទីតាំងនោះទាំងអស់ដើម្បីធ្វលតេស្តរកវីរុសកូវីដ១៩។
ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទនៅក្នុងទីតាំងនោះជាបណ្តោះអាសន្ន នឹងដាក់ជាមណ្ឌលចត្តាឡីស័ក ចាប់ពីពេលជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងសារជាថ្មី។ ក្នុងដំណាក់កាលនេះ អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងសណ្ឋាគារកំពង់ដឺវ៉ា រីសត និងអគារស្នាក់នៅរួម ត្រូវតែយលសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៦៤៥នាក់ ជាសះស្បើយចំនួន ១៥៨៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០៣៦នាក់ ហើយករណីស្លាប់ ១៩នាក់៕