ភ្នំពេញ៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ពីមូលហេតុចំបងចំនួន០៣យ៉ាង ដែលប្រទេសចិននៅតែបន្តផ្ដល់ជំនួយជាវ៉ាក់សាំងមកកម្ពុជា បើទោះបីប្រទេសខ្លួនមានប្រជាជនច្រើន មានតម្រូវការប្រើប្រាស់វ៉ាក់សាំងច្រើនក្ដី តែនៅតែបន្តជួយមិត្តកម្ពុជាដើម្បីឱ្យឆ្លងផុតវិញ្ញាសារដ៏លំបាកមួយនេះ។
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីយប់មិញនេះ បានសម្ដែងសេចក្ដីរីករាយជាខ្លាំងដែលបានចូលរួមពិធីប្រគល់និងទទួលវ៉ាក់សាំងកូវីដ-១៩ជំហានទី២ដែលជាអំណោយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។
ឯកឧត្តមបានមានប្រសាសន៍ថា៖«ខ្ញុំគិតថា ខ្ញុំនឹងបន្តទទួលស្វាគមន៍វ៉ាក់សាំងចិន ពីព្រោះបើយោងតាមតម្រូវការរបស់ភាគីកម្ពុជានិងការរៀបចំរបស់ភាគីចិន វ៉ាក់សាំងកាន់តែច្រើននឹងត្រូវបញ្ជូនមកកាន់ប្រទេសកម្ពុជាជាបន្តបន្ទាប់។មនុស្សជាច្រើនតែងតែសួរថា ប្រទេសចិនមានមនុស្សច្រើន ហើយតម្រូវការវ៉ាក់សាំងកូវីដក៏ច្រើនដែរ ហេតុអ្វីនៅតែបន្តផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដដល់ប្រទេសកម្ពុជា? ខ្ញុំយល់ថាមានមូលហេតុជាច្រើន កត្តាសំខាន់ជាច្រើន»។
ឯកអគ្គរដ្ឋទូតចិនបានបន្តថា ហេតុផលទី១ គឺតម្រូវការក្នុងការកសាងសហគមន៍សុខាភិបាលសម្រាប់មនុស្សជាតិ។ប្រទេសចិនគ្មានគំនិតចង់ល្អតែខ្លួនឯងនោះទេ ដោយបានប្រកាន់ខ្ជាប់គំនិតជួយសង្គ្រោះអ្នកដទៃ។ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺវីរុសមក ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគំនិតសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ បានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោកនិងសហគមន៍អន្តរជាតិ ក៏បានផ្តល់ជំនួយជាសម្ភារនិងបច្ចេកទេសដើម្បីប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ជូនដល់ជាង១០០ប្រទេសនិងអង្គការអន្តរជាតិទៅតាមសមត្ថភាពដែលអាចធ្វើបាន។
ហេតុផលចំបងទី២ គឺតម្រូវការក្នុងការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា។ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល គឺជាផ្នែកមួយដ៏សំខាន់នៃការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា។ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺវីរុសសកូវីដ-១៩មក ប្រទេសនិងប្រជាជនទាំងពីរតែងតែជួយគ្នាទៅវិញទៅមក ពុះពាររាល់ការលំបាកនិងឧបសគ្គជាមួយគ្នា។
ឯកឧត្តមលើកឡើងថា ជាក់ស្ដែង ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលដែលព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជាសម្ភារនិងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមជូនដល់ប្រជាជនចិន។
ជាងនេះទៅទៀត គឺខណៈពេលដែលប្រទេសចិនកំពុងតែធ្លាក់ព្រិលយ៉ាងខ្លាំង ថ្នាក់ដឹកនាំកម្ពុជា បានបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់រដ្ឋធានីប៉េកាំង។ នេះបានបង្ហាញពីអត្ថន័យនៃសុភាសិតចិនមួយតែងពោលថា«ផ្តល់កម្តៅក្នុងរដូវរងារ» បានធ្វើឲ្យប្រជាជនចិនទូទាំងប្រទេសមានក្តីរំភើបជាខ្លាំង។ ដើម្បីសងគុណ ប្រទេសចិនបានផ្តល់ជំនួយនិងការគាំទ្រទៅកាន់ភាគីកម្ពុជា ខណៈពេលដែលប្រទេសកម្ពុជាកំពុងតែមានតម្រូវការវ៉ាក់សាំងជាបន្ទាន់។
ចំណែកឯមូលហេតុទី៣ គឺតម្រូវការដើម្បីពង្រឹងចំណងមិត្តភាពរវាងកងទ័ពទាំងពីរ។ កងទ័ពទាំងពីរជាកងកម្លាំងប្រកបដោយលក្ខណៈអរិយធម៌និងភាពអង់អាចក្លាហាន ចំណងមិត្តភាពរវាងកងទ័ពទាំងពីរមានមិត្តភាពសែនជ្រាលជ្រៅបំផុត។ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធាទាំងពីរគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានក្នុងការកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជា និងចិន។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងជំហានទីមួយនិងជំហានទីពីរ មាន៦០ម៉ឺនដូស ដែលក្រសួងការពារជាតិចិន បានផ្ដល់ជូនក្រសួងការពារជាតិកម្ពុជា ដែលវ៉ាក់សាំងទាំងនេះបានបង្ហាញពីចំណងមិត្តភាពជាបងប្អូនដ៏ជ្រាលជ្រៅបំផុតរបស់កងទ័ពរំដោះប្រជាជនចិននិងកងយោធពលខេមរភូមិន្ទ។
ឯកឧត្តមឯកអគ្គរដ្ឋបានលើកឡើងទៀតថា ក្នុងនាមជាមិត្តដែកថែបនិងជាសហគមន៍ជោគវាសនារួម ភាគីចិនបានចាត់ទុកបញ្ហាប្រឈមនិងភាពលំបាករបស់ភាគីកម្ពុជាគឺជាបញ្ហាប្រឈមនិងភាពលំបាករបស់ខ្លួនផ្ទាល់។ ភាគីចិនរីករាយខិតខំជាមួយភាគីកម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាយ៉ាងមុតមាំលើកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស រហូតដល់ភាគីកម្ពុជាអាចយកឈ្នះទាំងស្រុងជាមួយជំងឺដ៏កាចសាហាវមួយនេះបាន។
សូមជម្រាបជូនថា ចាប់តាំងពីថ្ងៃទី៧ ខែកុម្ភៈមក នេះជាលើកទីបីហើយឯកអគ្គរដ្ឋទូតចិន បានមកទទួលស្វាគមន៍វ៉ាក់សាំងចិនជាមួយភាគីកម្ពុជាក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ដោយឡែក រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់វ៉ាក់សាំងSinopharmចំនួន១.៣លានដូសនិងបានផ្តល់វ៉ាក់សាំងSinovacចំនួន១.៥លានដូសដែលប្រទេសកម្ពុជាបានបញ្ជាទិញ៕