ភ្នំពេញ៖ កម្ពុជា និងសិង្ហបុរី នៅតែបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយដែលបានចុះហត្ថលេខាកន្លងមក និងបន្ថែមជាមួយនូវកិច្ចសហប្រតិបត្តិការផ្សេងៗជាច្រើនទៀតស្របតាមសក្កានុពលដែលប្រទេសទាំងពីរមាន គឺត្រូវខិតខំធ្វើ ទោះបីជាត្រូវអនុវត្តការងារនេះតាមគន្លង បែបថ្មីដូចសព្វថ្ងៃយ៉ាងណាក៏ដោយ។ នេះបើតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន ថ្លែងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា។
នៅក្នុងជំនួបរវាងសម្ដេច ហ៊ុន សែន ជាមួយឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា លោកជំទាវឯកអគ្គរដ្ឋទូត Teo Lay Cheng បានធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១នេះ។ លោកជំទាវឯកអគ្គរដ្ឋទូត បានគោរពអរគុណ សម្ដេចនាយករដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយសឲ្យលោកជំទាវបានចូលជួបក្នុងពេលដែលលោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសសិង្ហបុរីប្រចាំនៅកម្ពុជា។
ថ្លែងក្នុងជំនួបនេះ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរគឺមានជាយូរលង់ណាស់មកហើយ ដែលចាប់ផ្ដើមតាំងពីប្រទេសសិង្ហបុរីបានទទួលឯករាជ្យដោយបានភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងកម្ពុជាតាំងពីពេលនោះមក ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍បន្ថែមដែរថាជំងឺកូវីដ- ១៩ បានបំផ្លាញយើងគ្រប់គ្នាដោយបានដាក់គម្លាតឲ្យយើងនៅឆ្ងាយពីគ្នា មិនតែប៉ុណ្ណោះទេ ថែមទាំងឲ្យយើងពាក់ម៉ាសនៅពេលសន្ទនាជាមួយគ្នាទៅវិញទៅមកទៀតផង។
លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសម្ដេចនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមារញឹកនេះទទួលលោកជំទាវ។ លោកជំទាវបានមានប្រសាសន៍ថា ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្តទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក្នុងនោះរួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ លោកជំទាវបានបន្តថា ប្រទេសទាំងពីរនៅមានសក្ដានុពលច្រើនទៀត។
ជាមួយគ្នានោះ លោកជំទាវបានថ្លែងថានៅក្នុងបេសកកម្មរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជាពេលនេះ លោកជំទាវនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងរីកចម្រើនឡើងថែមទៀត៕