ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានអោយដឹងថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ស្ថានទូតបានណែនាំអោយពលរដ្ឋខ្មែរទាំងអស់ផ្អាកការមកលេងស្រុក ក្នុងរដូវចូលឆ្នាំខ្មែរខាងមុខ។
ក្នុងរដូវចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ស្ថានទូតបានស្នើឱ្យប្រជាពលរដ្ឋដែលរស់នៅប្រកបអាជីវកម្ម ធ្វើការ នឹងសិក្សារៀនសូត្រ នៅក្នុងប្រទេសថៃ ផ្អាកមិនអោយមកចូលរួមក្នុងពិធីបុណ្យប្រពៃណីខ្មែរមួយរយៈ។ ការផ្អាកមិនអោយវិលត្រឡប់មកស្រុកកំណើតគឺ ក្នុងគោលបំណង ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងប្រភេទថ្មីកូវីដ១៩។
ទន្ទឹមនឺងនេះដែរ ស្ថានទូតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរមេត្តាសហការជាមួយប្រទេសជាម្ចាស់ផ្ទះ បើមិនមានការចាំបាច់បងប្អូនមិនបាច់ធ្វើដំណើរចេញពីប្រទេសថៃទេ។ ដើម្បីរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដនេះទាំងអស់គ្នា។ ចំពោះពលរដ្ឋខ្មែរដែលមានបំណងធ្វើដំណើរចូលទៅប្រទេសថៃ ត្រូវគោរពទៅតាមវិធានការរបស់ប្រទេសទាំងពីរអោយបានហ្មត់ចត់៕