ខេត្តព្រះសីហនុ៖ មន្ទីរពេទ្យឯកជនក្នុងខេត្តព្រះសីហនុទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ននៅពេលព្យាបាលឬពិគ្រោះអ្នកជំងឺ បើសង្ស័យប៉ះអ្នកជំងឺកូវីដ ត្រូវរាយការ និងរក្សាទុកដោយឡែក ព្រោះកន្លងមកធ្លាបព្យាបាលប៉ះអ្នកវិជ្ជមានកូវីដ០២នាក់រួចមកហើយ។
បើតាមសេចក្ដីប្រកាសរបស់ រដ្ឋបាលខេត្តព្រះសីហនុ លើកឡើងថា កន្លងមកមានម្ចាស់មន្ទីរពេទ្យឯកជន ម្ចាស់មន្ទីរពហុព្យាបាលឯកជន ម្ចាស់គ្លីនិកឯកជន និងម្ចាស់បន្ទប់ព្យាបាលឯកជន បានព្យាបាលនិងពិគ្រោះជំងឺដោយប៉ះចំអ្នកជំងឺកូវីដ រួចក៏បានអនុញ្ញាតឱ្យអ្នកទាំង០២នាក់នោះចាកចេញរួចយកសំណាកដោយខ្លួនឯង។
រដ្ឋបាលខេត្តបានបន្ថែមទៀតថា ការអនុវត្តន៍បែបនេះ គឺជាការខុសឆ្គង និងជាហេតុបណ្តាលឱ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះដល់អ្នកដទៃផ្សេងទៀត។
អាជ្ញាធរបានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងឈានទៅផ្ដាច់ឬសគល់មេរោគ និងប្រភពចម្លងមេរោគឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាបង្ហាញឱ្យឃើញនូវការចូលរួមចំណែកទាំងអស់គ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ មន្ទីរពេទ្យទាំងនោះត្រូវតែគោរពតាមការណែនាំដូចខាងក្រោម៖
-ត្រូវកត់ឈ្មោះ អាសយដ្ឋាន ឬទីកន្លែងស្នាក់នៅ និងលេខទូរសព្ទទំនាក់ទំនងរបស់ភ្ញៀវ ឬអ្នកជំងឺដែលមកពិគ្រោះយោបល់ ពិនិត្យ ព្យាបាលជំងឺឱ្យបានច្បាស់លាស់តាមអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
-ត្រូវពិនិត្យ សាកសួរជាបឋមអំពីអាការៈជំងឺដែលពាក់ព័ន្ធបញ្ហាផ្លូវដង្ហើមជាមុន ហើយកត់ត្រាឱ្យបានច្បាស់លាស់ និងរក្សាទុកដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនានា ក្រែងមានកំរណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
-ក្នុងករណីមានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ត្រូវរក្សាទុកភ្ញៀវ ឬអ្នកជំងឺនោះឱ្យនៅដាច់ដោយឡែកមួយកន្លែង ក្នុងទីតាំងរបស់ខ្លួន ហើយត្រូវទំនាក់ទំនងជាបន្ទាន់មកមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរសព្ទលេខ 012 888 737 ឬ 016 526 520 ដើម្បីក្រុមគ្រូពេទ្យ និងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរ សុខាភិបាលខេត្តរៀបចំអន្តរាគមន៍បានទាន់ពេលវេលា
-ត្រូវសហការផ្តល់ភាពងាយស្រួលដល់ក្រុមគ្រូពេទ្យ និងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចដែលចុះបំពេញការងារនៅតាមទីតាំងរបស់ខ្លួន។
សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី២១ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៨នាក់បន្ថែមទៀតដែល ៥៧នាក់ជាអ្នកជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងជាសះស្បើយចំនួន ១៥នាក់ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៦៩០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៥០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧៣៥នាក់ ហើយករណីស្លាប់ ០៣នាក់៕