កោះកុង៖ ជនជាតិខ្មែរឥស្លាមចំនួន៣នាក់ នៅខេត្តកោះកុង កំពុងសង្ស័យឆ្លងកូវីដ-១៩ បន្ទាប់ពីពួកគេបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងពិធីបុណ្យអ៊ិចទីម៉ាក់ដែលបុណ្យសាសនាឥស្លាម។
ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ប្រាប់ស៊ីស៊ីថាមស៍ថា ជនជាតិខ្មែរឥស្លាមចំនួន៣នាក់ បានធ្វើដំណើរទៅប្រទេសម៉ាឡេសស៊ី ដើម្បីចូលរួមក្នុងពិធីបុណ្យអ៊ិចទីម៉ាក់ចាប់ពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២០ ហើយត្រឡប់មកដល់កម្ពុជានៅថ្ងៃទី ២៩.ខែកុម្ភៈ ២០២០ តាមយន្តហោះហើយស្នាក់នៅភ្នំពេញចំនួន១ថ្ងៃ។ លុះថ្ងៃទី១ខែ៣ បន្តទៅខេត្តត្បូងឃ្មុំ ដើម្បីធ្វើបុណ្យសាសនាឥស្លាម។
មន្ទីរសុខាភិបាលខេត្តកោះកុង បានបញ្ជាក់ថា ខ្មែរឥស្លាម៣នាក់នេះ មិនមានរោគសញ្ញាអ្វីនោះទេ គ្រាន់តែពួកគេធ្លាប់ចេញទៅម៉ាឡេស៊ីដែលជាតំបន់មានជំងឺកូវីដ-១៩ ដូច្នេះមន្ទីខេត្តបានរៀបចំទុកដាក់ពួកគេដាច់ដោយឡែករង់ចាំការធ្វើតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយលទ្ធផលនឹងចេញក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោងនេះ កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន៤នាក់ទៀត នៅលើខ្លួនជនជាតិខ្មែរឥស្លាមចំនួន២នាក់ បុរសជនជាតិខ្មែរមកពីប្រទេសបារាំង១នាក់ និងកូនជនជាតិបារាំងអាយុ ៣៥ឆ្នាំនោះចំនួន ១នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាបានកើនដល់ ១២ នាក់។បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងមានវិធានការជាច្រើនដើម្បីដោះស្រាយការឆ្លងកូវីដ-១៩៕