ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានចេញនូវសេចក្តីណែនាំផ្ទាល់មាត់ចំនួន ៤ ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដើម្បីការពារការឆ្លងកូវីដ-១៩។ក្នុងសេចក្តីណែនាំនោះ លោកបានលើកទឹកចិត្តដល់មន្ត្រីនិងបុគ្គលិកក្រសួងការបរទេសមួយចំនួនធ្វើការពីផ្ទះ លើកលែងតែអ្នកដែលចាំបាច់ត្រូវទៅកន្លែងតែប៉ុណ្ណោះ។
ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏បានណែនាំដល់មន្ត្រីអ្នកទាំងឡាយណាដែលទើបត្រឡប់មកពីបេសកកម្មវិញ ជាពិសេសពីប្រទេសដែលមានការរាលដាលនៃការឆ្លងខូវិដ ១៩ ត្រូវតែដាក់ខ្លួនឯងអោយនៅដាច់ដោយឡែក ( Self Isolation ) ចំនួន ១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលមកដល់កម្ពុជា។ហើយបេសកកម្មទាំងឡាយដែលនឹងត្រូវចេញទៅប្រទេសដែលកើតជំងឺខូវិដ ១៩ គឺត្រូវផ្អាកក្នុងរយៈពេលមួយខែ លើកលែងតែករណីដែលចាំបាច់បំផុត និង ដែលត្រូវតែមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការបរទេសផ្ទាល់ ។
ត្រូវផ្អាកជួបភ្ញៀវបរទេស ហើយប្រសិនបើចាំបាច់ខានមិនបាន គឺមិនត្រូវចាប់ដៃជាដាច់ខាត ដោយគ្រាន់តែសំពះបានហើយ និងត្រូវនៅរក្សាចម្ងាយមួយម៉ែត្រកន្លះពីភ្ញៀវ ។ បន្ថែមពីនេះ ត្រូវលាងដៃពេលចេញចូលជានិច្ច៕