Cctimesw1140xh150cm copy

ខេត្តកណ្ដាលរកឃើញអ្នកពាក់ព័ន្ធកូវិដចំនួន ៧១៨៤ នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តកណ្តាល៖នៅទូទាំងខេត្តកណ្ដាលគិតត្រឹមល្ងាចថ្ងៃទី០៩ ខែកុម្ភៈនេះ មានអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល មានចំនួន ៧១៨៤ នាក់។នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកណ្តាលចេញផ្សាយនៅថ្ងៃនេះ។

បើយោងតាមរបាយការណ៍គិតត្រឹមល្ងាចថ្ងៃទី០៩ ខែកុម្ភៈនេះ មានអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល មានចំនួន ៧១៨៤ នាក់ និងបានយកសំណាកទៅពិនិត្យចំនួន ៦៥១៣ នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលមានចំនួន ១២១៧ នាក់ និងអ្នកធ្វើចត្តាឡីស័កនៅផ្ទះមានចំនួន ៥៨២២ នាក់។

តែយ៉ាងណាក៏ដោយ ជាមួយគ្នានេះប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៨៧ នាក់ ត្រូវបានអាជ្ញាធរខេត្ត អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ រៀងៗខ្លួន បន្ទាប់ពីបានធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល និងបានយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ចំនួន ៣ដង លទ្ធផលអវិជ្ជមាន។

 ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការអបអរសាទរ ដល់បងប្អូនប្រជាពលរដ្ឋទាំង ៨៧ នាក់ ដែលបានធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ព្រមទាំងផលធ្វើតេស្តរកមេរោគកូវី-១៩ ចំនួន៣ដងហើយលទ្ធផលមិនមានអ្នកណាម្នាក់មានផ្ទុកមេរោគកូវីដ-១៩ ឡើយ។

ឯកឧត្តម អភិបាលខេត្តកណ្ដាល ក៏បានធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីត្រឡប់ទៅផ្ទះរៀងខ្លួនវិញ ត្រូវអនុវត្តឱ្យបានល្អនៅវិធានការការពារមេរោគកូវីដ-១៩ ៣ការពារ ៣កុំ នោះគឺ ៣ការពារ គឺ១.ពាក់ម៉ាសជាប្រចាំ ២.លាងដៃជាមួយ អាកុល សាប៊ូ ឬជែល ឱ្យបានញឹកញាប់ ៣.រក្សាគម្លាតសង្គម គម្លាតបុគ្គល យ៉ាងតិច១ម៉ែត្រកន្លះឡើងទៅ និង ៣កុំ គឺ១.កុំចូលរួមទៅកន្លែងដែលបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើន ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម។ ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តផ្សព្វផ្សាយនូវវិធានការការពារកូវីដ-១៩ ៣ការពារ ៣កុំ នេះ ទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង