ភ្នំពេញ៖ចាប់តាំងពីមានវត្តមានជំងឺកូវីដ១៩មក ប្រទេសនានាលើសាកលលោកបាននឹងកំពុងជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច និងបញ្ហាប្រឈមផ្សេងៗជាច្រើនទៀត។ ក្នុងនោះកម្ពុជាក៏ជាប្រទេសមួយដែលរងគ្រោះដោយសារតែជំងឺរាតត្បាតជាសាកលនេះដែរ ដែលបណ្ដាលឱ្យចរន្តឈាមនៃវិស័យទេសចរណ៍ស្ទើរតែកាត់ផ្ដាច់ទាំងស្រុង។ ទាំងនេះជាកត្តាជះឥទ្ធិពលដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ដូចជាលោកអំា ស៊ីថា មិនអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបាន ជួនកាលស្ទើរតែដាច់បាយទៀតក៏មាន។
អង្គុយផ្ដល់កិច្ចសម្ភាសន៍លាយឡំនិងទឹកមុខស្រពោន លោក អាំ ស៊ីថា បានរាបរាប់ពីដំណើរជីវិតថាលោកគឺជាកូនអ្នកខេត្តស្វាយរៀង បានចាប់អាជីពប្រកបរបរជាអ្នកធាក់ស៊ីក្លូនៅក្រុងភ្នំពេញនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលចាប់តាំងពីឆ្នាំ២០០០មកម៉្លេះ រហូតមកដល់ពេលនេះគឺអស់រយៈពេល២០ជាងហើយ។
អ្នកធាក់ស៊ីក្លូវវ័យហាប្លាយរូបនេះ បានឱ្យដឹងទៀតថា លោកគឺអ្នករកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយមានប្រពន្ធ និងកូនពីរនាក់ក្នុងបន្ទុក។ និយាយដោយទឹកមុខក្រៀមក្រំ លោកស៊ីថា មានការពិបាកចិត្តជាខ្លាំង ដោយសារតែតាំងពីមានជំងឺកូវីដ១៩នេះ មក លោករកតែប្រាក់មួយរៀលស្ទើរមិនបាន ថ្ងៃខ្លះស្ទើរតែរកលុយទិញបាយហូបមិនបានផង ចុះបានលុយឯណាទៅជួយគ្រួសារនោះ?
ជាមួយទឹកមុខស្រពាប់ស្រពោនលោកស៊ីថា ប្រៀបធៀបការប្រកបរបរពេលនេះនិងពេលមុនគឺមានភាពខុសគ្នាឆ្ងាយខ្លាំងណាស់ដោយចំណូលនៅពេលនេះបានតែ ២០% ភាគរយប៉ុណ្ណោះ ថ្ងៃខ្លះស្ទើរតែមិនបានចំណូលទៀតផង ចំថ្ងៃខ្លះក៏ដាច់បាយក៏មាន ចំណែកកាលពីមុនវិញគឺអាចរកចំណូលបានសម្រាប់ល្មមក្នុងការរស់នៅប្រចាំថ្ងៃ ពោលបច្ចុប្បន្ននេះគឺការធាក់ស៊ីក្លូធ្លាក់រហូតដល់ ៨០%ឯណោះ។
លោកមានប្រសាសន៍ថា៖« តាំងពីមានវិបត្តិកូវីដនេះ ខ្ញុំបញ្ឃរតែស៊ីក្លូចោល ព្រោះគ្មានភ្ញៀវដឹក ម្យ៉ាងងាកមកការនិយមរបស់ប្រជាជនយើង ក៏មិនសូវជិះស៊ីក្លូដូចមុនដែរព្រោះគេជិះតែ Pass App កង់បីឥណ្ឌាអីវិញ»។
ដោយសារតែបញ្ហាទាំងនេះហើយ ទើបធ្វើឱ្យអ្នកធាក់ស៊ីក្លូរូបនេះ ជួយបញ្ហាប្រឈមក្នុងការរកទទួលទានប្រចាំថ្ងៃ និងគ្មានលទ្ធភាពជួយសូម្បីតែគ្រួសារខ្លួនបានពេញលេញ។
ឆ្លើយតបនិងសំណួរ លោកបន្តថា កាលពីមុនវិញ មានភ្ញៀវបរទសច្រើន ដូច្នេះលោកអាចរកប្រាក់បាន២ម៉ឺនរៀល ឬលើសនិងក្នុងមួយថ្ងៃទៅតាមចំនួននៃការដឹកភ្ញៀវតិចឬច្រើនជិតឬឆ្ងាយ តែបើប្រៀបធៀបនិងពេលនេះ ស្របពេលដែលកូវីដកំពុងតែផ្ទុះផងនោះ លោកមិនអាចរកចំណូលបានទាល់តែសោះ។
ជុំវិញនិងការបាត់បង់ចំណូលនេះវិញ លោកក៏បានលើកឡើងពីការកើនឡើងនៃវត្តមានកង់បីឥណ្ឌា ក៏ជាហេតុផលមួយដែលធ្វើឱ្យការនិយមជិះស៊ីក្លូមានការធ្លាក់ចុះ ស្របពេលដែលអ្នកធាក់ស៊ីក្លូក៏ច្រើន និងចំពេលស្រុកទេសកំពុងរាតត្បាតដោយជំងឺកូវីដ១៩។
អ្នកធាក់ស៊ីក្លូដដែល បានលើកឡើងថា បច្ចុប្បន្នអ្នកធាក់ស៊ីក្លូមានចំនួនតែ៣០០ជាងស៊ីក្លូប៉ុណ្ណោះ បើធៀបនិងចំនួនកង់បីឥណ្ឌាវិញគឺច្រើនណាស់ ហើយអ្នកនិយមជិះស៊ីក្លូក៏មានតិចតួចផងដែរ។
ឆ្លើយតបសំណួរជាមួយទឹកមុខនៅតែមានសង្ឃឹម លោក អាំ ស៊ីថា និយាយថា៖លោកនៅតែមានសង្ឃឹមថាទីផ្សារ និងការនិយមជិះស៊ីក្លូនៅតែមាន និងកើនឡើងជាងមុន។ ពិសេសស្របពេលមានវិបត្តិកូវីដដូច្នេះ សូមរដ្ឋាភិបាលមេត្តាជួយក្រុមអ្នកធាក់ស៊ីក្លូផង ព្រោះពេលនេះពួកគាត់មិនអាចរកចំណូលបាននោះទេ។
ទន្ទឹមនឹងនេះ លោកបានឲ្យដឹងថាបញ្ហាកូវីដមិនត្រឹមតែជះឥទ្ធិពលដល់សេដ្ឋកិច្ចក៏ដូចជាបញ្ហ ទេសចរណ៍ និងបញ្ហាធំៗនោះទេ ប៉ុន្តែសូម្បីតែអ្នកធាក់ស៊ីក្លូដូចលោកកូដមិនអាចប្រកបមុខរបរបានស្រួលដែរ សំណាងដែលមានសប្បុរសជនចែកអំណោយ ដូចជាអង្ករ មី ស្ករ ទឹកត្រី និងគ្រឿងបរិភោគផ្សេងៗទៀត គ្រាន់រស់មួយគ្រាៗតែប៉ុណ្ណោះ។
លោកបានបង្ហើបឱ្យដឹងទៀតថា ដោយសារតែមិនមានចំណេះដឹង និងជំនាញ ទើបរូបលោកចាប់អាជីពជាអ្នកធាក់ស៊ីក្លូតាំងពីឆ្នាំ២០០០មក ហើយបើពេលនេះលោកអាចទទួលបានឱកាសការងារផ្សេងដើម្បីទទួលបានកម្រៃក៏លោកសុខចិត្ត៕