ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី ២១ កុម្ភៈនេះ បានអះអាងថា បានរកឃើញវិជ្ជមានកូវីដ ១៤នាក់បន្ថែមទៀត ហើយសម្តេចបានចេញបញ្ជាដល់សម្តេចពិជ័យសេនា ទា បាញ់ ពិនិត្យនិងត្រៀមមន្ទីរពេទ្យទាហាន ដើម្បីប្រើប្រាស់ក្នុងកាលៈទេសៈនេះ។នេះបើយោងសារជាសំឡេងដែលសម្តេចប្រកាសតាមរយៈសារតេឡេក្រាម។
ការប្រកាសរបស់សម្តេច ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីករណីឆ្លងកូវីដនៅក្នុងសហមន៍២០កុម្ភៈ បានបន្តកើនឡើងជាបន្តបន្ទាប់ រហូតនាំឱ្យក្រសួងទេសចរណ៍ ប្រកាសឱ្យបន្តផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត (បិទទាំងស្រុង) និង ស្នើដល់រដ្ឋបាលរាជធានី-ខេត្តត្រួតពិនិត្យការងារនេះឱ្យបានជាប់ជាប្រចាំម៉ឺងម៉ាតបំផុត រហូតដល់មានការជូនដំណឹងជាថ្មី។
ក្រសួងអប់រំសម្រេចផ្អាកជាបណ្តោះអាសន្ន វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS និងស្នើឲ្យសិស្សានុសិស្សនៃសាលាទាំងពីរ មកធ្វើតេស្តយកសំណាកនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយអាណាព្យាបាល និងសិស្ស មានផ្ទុកមេរោគកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។