Cctimesw1140xh150cm copy

រដ្ឋាភិបាលសម្រេចបិទក្លឹបN8 អាផាតមិន និងតំបន់មួយចំនួនពាក់ព័ន្ធការផ្ទុះកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី២០ កុម្ភៈនេះ បានចេញបទបញ្ជាសម្រេចបិទជាបណ្តោះអាសន្ន ក្លឹបN8 អគារអាផាតមិន និងតំបន់មួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការផ្ទុះកូវីដ១៩ លក្ខណៈទ្រង់ទ្រាយធំចូលទៅក្នុងសហគមន៍។ នេះបើយោងតាមការប្រកាសរបស់សម្តេច ហ៊ុន សែន ក្នុងសេចក្តីថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជាសាធារណៈ។

ការសម្រេចរបស់សម្តេច ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីការបានរកឃើញថាមានមនុស្សចំនួន ៣២នាក់ បានឆ្លងកូវីដ-១៩ ហើយអ្នកទាំងនោះបានជាប់ពាក់ព័ន្ធនឹងក្លឹបN8 អគារអាផាតមិន និងតំបន់មួយចំនួន។ សម្តេចហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល ១០ម៉ោង រកឃើញអ្នកឆ្លងចំនួន ៣២ នាក់ នៅក្នុងរាជធានីភ្នំពេញ។ ចំពោះករណីឆ្លងកូវីដ១៩ថ្មីនេះ សម្តេចបានចាត់ទុកថាជាព្រឹត្តិការណ៍ឆ្លងចូលក្នុងសហគមន៍២០កុម្ភៈ ដែលមានទំហំនៃការស្រាវជ្រាវទ្រង់ទ្រាយធំ។

សម្តេច ហ៊ុន សែន បានថ្លែងក្នុងសារពិសេសថា បន្ទាប់ពីបានរកឃើញថា មានករណីផ្ទុះនូវការឆ្លងកូវីដ១៩ចូលក្នុងសហគមន៍ រដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងធ្វើការទប់ស្កាត់នូវការចម្លងកូវីដ១៩ទ្រង់ទ្រាយធំ ដោយសម្តេចបានបញ្ជាឲ្យអាជ្ញាធរស្វែងរកអ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈនេះ យកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានចេញបទបញ្ជា និងវិធានការទាក់ទងនឹងព្រឹត្តិការណ៍២០កុម្ភៈ រួមមាន ទី១ រដ្ឋាភិបាលសម្រេចបិទជាបណ្តោះអាសន្ន ក្លឹបN8 អាគារអាផាតមិន និងតំបន់មួយចំនួនពាក់ព័ន្ធការផ្ទុះកូវីដ១៩។ ទី២ ត្រូវយកសំណាក ដើម្បីធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់ទាំងនេះ ហើយបន្ទាប់ពីធ្វើតេស្តហើយត្រូវតែធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃ ដើម្បីរងចាំការធ្វើតេស្តលើកទី២។ ទី៣ ត្រូវស្វែងរកអ្នកពាក់ព័ន្ធជាមួយនឹងក្លឹបN8 ដែលនេះជាភារកិច្ចរបស់អាជ្ញាធរត្រូវស្វែងរកអ្នកពាក់ព័ន្ធ។

ចំណែកទី៤ ត្រូវធ្វើចត្តាឡីស័កអ្នកដែលពាក់ព័ន្ធទាំងអស់ អ្នកដែលធ្វើតេស្តនៅតាមផ្ទះសំណាក់ កន្លែងដែលត្រូវបិទ។ ទី៥ សម្តេចអំពាវនាវចំពោះអ្នកពាក់ព័ន្ធនឹងក្លឹបN8 និងអ្នកដែលពាក់ព័ន្ធនឹងអ្នកផ្ទុកកូវីដ១៩ចំនួន៣២នាក់ ក្នុងរយៈពេល១៤ថ្ងៃ មកយកសំណាក ដើម្បីពិនិត្យ។ ទី៦ សម្រាប់ការអំពាវនាវចំពោះប្រជាពលរដ្ឋទូទៅនៅក្នុងរាជធានីភ្នំពេញ និងតំបន់ដទៃទៀតត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងនៅក្នុងអនុវត្តនូវវិធានការ៣ការពារ និង៣កុំ។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ចំពោះប្រភពនៃការផ្ទុះការឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ គឺបានបែកធ្លាយអ្នកដែលបានធ្វើមកតេស្តយកសំណាក ដើម្បីសុំលិខិតធ្វើដំណើរចេញពីកម្ពុជា ដែលត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩។ តាមរយៈការសាកសួរ ពីមនុស្សទាំ៣២នាក់ដែលបានរកឃើញថាវិជ្ជមានកូវីដ១៩ បានទៅកន្លែងពាក់ព័ន្ធដូចជាក្លឹបN8 អគារអាផាតមិន និងតំបន់មួយចំនួន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង