ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមទឹកប្រាក់ប្រមាណជិត ៨០០លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ប្រសិនបើវិបត្តិជំងឺកូរ៉ូណា (COVID-19)អូសបន្លាយ៦ខែ។នេះបើតាមសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ នៅព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។
បើតាមសម្តេច បើការអូសបន្លាយនេះទៅមួយឆ្នាំ តើសេដ្ឋកិច្ចធ្លាក់ចុះប៉ុណ្ណា ផលប៉ះពាល់ធំប៉ុណ្ណា ហើយយើងត្រូវប៉ះប៉ូវទំហំប៉ុណ្ណា វាចន្លោះពី ៨០០ លានទៅ ២០០០លាន ដែលរដ្ឋាភិបាលត្រៀមសម្រាប់បម្រុង ខណៈពិភពលោកកំពុងគិតគូរដោះស្រាយបញ្ហានេះ។
សម្ដេច ហ៊ុន សែន អរគុណប្រទេសចិន ដែលបានបញ្ជូននាវាដឹកវត្ថុធាតុដើមមកកម្ពុជាទាន់ពេលវេលាត្រូវការចាំបាច់ និងការចាត់វិធានការបញ្ជូននាវា៧គ្រឿងដឹកកុងតឺន័រនាំវត្ថុធាតុដើមសម្រាប់រោងចក្រជាច្រើននៅក្នុងប្រទេសកម្ពុជាដែលកំពុងទន្ទឹងរង់ចាំ។ ក្នុងចំណោមនាវាទាំង ៧គ្រឿងនេះ មាន៥ គ្រឿងចូលតាមខេត្តព្រះសីហនុ និង២គ្រឿងទៀតចូលតាមច្រកហូជីមិញប្រទេសវៀតណាម ។
ខណៈ វិស័យកាត់ដេរនៅកម្ពុជា ភាគច្រើនពឹងផ្អែកលើការនាំចូល«វត្ថុធាតុដើម» ពីប្រទេសចិន ដើម្បីបំពេញសង្វាក់ផលិតកម្មរោងចក្រនៅទូទាំងប្រទេសកម្ពុជា។ប៉ុន្តែសម្រាប់ឆ្នាំនេះ រោងចក្រជាច្រើននៅចិនបានផ្អាកដំណើរការផលិតកម្ម ដោយសារវីរុកូរ៉ូណា (COVID-19) ដោយការផ្អាកនេះ មិនបានកំណត់ពេលវេលាជាក់លាក់នោះទេ។
ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះថា លោក wu guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ប្រទេសចិនបាននឹងកំពុងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីជួយដោះស្រាយកង្វះខាតវត្ថុធាតុដើមនៅកម្ពុជា ហើយនាវាដឹកវត្ថុធាតុដើមវាយនភ័ណ្ឌជាង៦០កុងតឺន័រនឹងមកដល់ផែព្រះសីហនុនៅថ្ងៃទី៩ មីនា ឆ្នាំ ២០២០នេះ។
គួរបញ្ជាក់ថា នាវាទាំង ៧គ្រឿងនេះ ដែលដឹកវត្ថុធាតុដើម ដែលមាន៥ គ្រឿងចូលតាមខេត្តព្រះសីហនុ និង២គ្រឿងទៀតចូលតាមច្រកហូជីមិញប្រទេសវៀតណាម នេះ គឺជាដំណឹងល្អសម្រាប់កម្មករ កម្មការនី ក្នុងវិស័យកាត់ដេរ អាចដំណើរការផលិតកម្ម និងការងារបានធម្មតាវិញ៕