ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃចន្ទ ទី០៩ ខែមីនានេះ បានចេញការព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅអ្នកដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មសង្កេតឃើញថា ហាងលក់ទំនិញខ្លះបានលក់ដំឡើងថ្លៃទំនិញ ដូចជា ម៉ាសការពារមុខ អាល់កុលលាងដៃ និងទំនិញចាំបាច់មួយចំនួនទៀតដែលក្រសួងចាត់ទុកថា ជាសកម្មភាពអាចបង្កឱ្យមានចលាចលក្នុងសង្គមធ្ងន់ធ្ងរ។ ការឡើងថ្លៃទំនិញនេះ គឺក្រោយពីបុរសកម្ពុជាម្នាក់ត្រូវបានឃើញឆ្លងកូវីដ-១៩នៅខេត្តសៀមរាប។
នៅក្នុងសេចក្តីអំពាវនាវស្តីពីការរក្សាថ្លៃទំនិញលើទីផ្សារនៅកម្ពុជា ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ក្រសួងកំពុងសហការជាមួយស្ថាប័នផ្សេងទៀតចាត់វិធានការសមស្រប ដើម្បីធានានូវចរាចរទំនិញទូទៅ និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងកាលៈទេសៈនេះ។ ក្រសួងពាណិជ្ជកម្មបានសង្កត់ធ្ងន់ថា៖« ក្រសួងពាណិជ្ជកម្មនឹងចាត់មន្រ្តីជំនាញឱ្យសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធចុះស្រាវជ្រាវ និងត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ព្រមទាំងដាក់ចេញនូវវិធានការផ្លូវច្បាប់ក្នុងករណីរកឃើញ ជនខិលខូចដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃកេងចំណេញជ្រុលហួសហេតុ»។
ជាមួយការព្រមាននេះ ក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់រក្សានូវភាពហ្នឹងនរ កុំជ្រួលច្របល់ហួសហេតុដែលឱ្យជនឱកាសនិយមអាចឆ្លៀតយកចំណេញតាមរយៈការលក់ដំឡើងថ្លៃទំនិញដោយមិនសមហេតុផល។ ក្រសួងក៏បានអំពាវនាវឱ្យម្ចាស់ហាងទំនិញទូទៅប្រកាន់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញស្រេចតែអំពើចិត្ត។ បន្ថែមលើនេះ ក្រសួងក៏បានប្រាប់ឱ្យប្រជាពលរដ្ឋបានដឹងផងដែរថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិនដែលមានក្នុងប្រទេស គឺអាចធានាដល់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសថែមទៀតផង។
គួរកត់សម្គាល់ថា សារព្រមាន និងអំពាវនាវរបស់ក្រសួងពាណិជ្ជកម្មនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីប្រមុខរដ្ឋាភិបាលកម្ពុជាបានធ្វើការជំរុញដោយផ្ទាល់មាត់ដល់ក្រុមអាជីវករកុំឱ្យដំឡើងថ្លៃទំនិញក្នុងអំឡុងពេលនេះ។ សម្តេចហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានជំនឿជឿជាក់លើខ្លួនឯង មិនត្រូវមានការភ័យខ្លាចហួសហេតុនោះទេចំពោះមេរោគកូវីដ-១៩។ សម្តេចហ៊ុន សែន អំពាវនាវបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០៕