Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

សម្តេចហ៊ុន សែន ឯកភាពឱ្យដកហូតដីពីក្រុមហ៊ុនទន្ទ្រានយកដីចម្ការស្រល់នៅខេត្តមណ្ឌលគីរី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖​ CPP

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឱ្យមានការសើរើ និងដកហូតមកវិញនូវការទន្ទ្រានយកទៅកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនលើដីមួយចំនួន ដែលជាដីត្រូវបានធ្វើសម្បទានសេដ្ឋកិច្ចសម្រាប់ដាំដើមស្រល់នៅក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ការឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅលើលិខិតស្នើសុំរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

នៅក្នុងលិខិតសំណើដាក់ជូនសម្តេច ហ៊ុន សែន រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានរៀបរាប់យ៉ាងដូច្នេះថា ផ្ទៃដីដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន វូជីសាន និងក្រុមហ៊ុន ហួរ លីង វិនិយោគដាំដើមស្រល់ស្ថិតនៅក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនោះ ត្រូវបានរំលោភកាន់កាប់ខុសច្បាប់ជាហូរហែយ៉ាងអនាធិបតេយ្យអស់ជាច្រើនពាន់ហិកតា តាមរយៈការរំលោភទន្ទ្រានយកកាន់កាប់ពីជនមួយក្រុមតូចបំពានសិទ្ធិស្របច្បាប់ ដោយគ្មានខ្លាចរអែងច្បាប់ និងក្រុមហ៊ុនវិនិយោគ។

ឯកឧត្តម វេង សាខុន បានបន្ថែមថា ដីដែលគេរំលោភកាន់កាប់នេះ ទីតាំងខ្លះមានការបញ្ជាក់ទិញ-លក់ដី ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់របស់អាជ្ញាធរមូលដ្ឋាន កន្លែងខ្លះទៀតមានទាំងបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទៀតផង។ ជាមួយគ្នានេះ ផ្ទៃដីព្រៃធម្មជាតិដែលបានរក្សាទុក ការពារតាមជ្រលងដងអូរ ក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងពីរនេះ ក៏ត្រូវទទួលរងការកាប់រានទន្ទ្រានយក ធ្វើជាកម្មសិទ្ធិខុសច្បាប់ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានរៀបរាប់ជូនសម្តេចតេជោទៀតថា ក្រៅពីព្រៃស្រល់ និងព្រៃធម្មជាតិនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងពីរខាងលើ ក៏មានការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធវាតយកធ្វើជាកម្មសិទ្ធិខុសច្បាប់នូវដីចម្ការឈើស្រល់របស់រដ្ឋ និងដីចម្ការឈើស្រល់ ដែលព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងដាំក្នុងពិធីរុក្ខទិវាជាតិឆ្នាំ២០០៥ផងដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ទីតាំងខ្លះដែលគេបានទន្ទ្រានយកនេះ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតកាន់កាប់ទៀតផង។

សូមបញ្ជាក់ថា ការរំលោភទន្ទ្រានយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ មិនមែនជារឿងថ្មីនោះឡើយសម្រាប់ខេត្តខេត្តមណ្ឌលគិរី។ កាលពីឆ្នាំ២០២០ ក៏មានការសើរើលើករណីរំលោភទន្ទ្រានដីជានៅភូមិសាស្ត្រស្រុកអូររាំង និងស្រុកកែវសីមាផងដែរ។ កាលនោះជនពាក់ព័ន្ធនឹងការចេញលិខិតលក់ទិញដីទាំងនេះ បានរងការពិន័យ ហើយក្នុងនោះអភិបាលស្រុកកោះញែកលោក ស៊ិន វណ្ណវុឌ្ឍ ត្រូវបានដកហូតតំណែងផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង