ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោក លី សុវណ្ណ នៅថ្ងៃទី៩ ខែមីនានេះ បានច្រានចោលចំពោះការផ្សាយថា មានការឆ្លងនូវករណីឆ្លងកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ សម្រាប់អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានចាត់ទុកព័ត៌មាននេះជាព័ត៌មានមិនពិត។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៨ មានសារជាសម្លេងមួយផ្សាយតាមប្រព័ន្ធបណ្តាញសង្គម Messengerថា មានអ្នកជំងឺម្នាក់ត្រូវបានបញ្ជូនពីប៉ោយប៉ែតមកកាន់មន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឲ្យអ្នកស្រុកនៅតំបន់នោះមានការភ័យខ្លាច និងបានបង្កជាភាពចលាចល។
តាមសារជាសម្លេងថា៖«នៅមន្ទីរពេទ្យស្រុកមង្គលបុរី គឺមានអ្នកជំងឺមា្នក់ដែលឆ្លងរោគកូវីដ១៩។»
រូបគាត់បន្តថា«អ្នកជំងឺរូបនេះចាប់ផ្តើមឈឺនៅប៉ោយប៉ែត ហើយឥឡូវត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យស្រុកមង្គលបុរីហើយ សូមប្រុងប្រយ័ត្តទាំងអស់គ្នា។»
ទន្ទឺមនឹងគ្នានេះដែរ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណបានអះអាងប្រាប់អ្នកយកព៍ត៌មានស៊ីស៊ីថាមស៍នៅព្រឹកថ្ងៃនេះថា ៖«ព័ត៌មាននេះ គឺជាព័ត៌មានមិនពិតទេ។»