ភ្នំពេញ៖ ការប្រមូលពន្ធគឺបានត្រឹមតែ២៣៥លានដុល្លារប៉ុណ្ណោះ ដែលតួរលេខនេះស្ថិតនៅក្រោមផែនការបានកុំណត់។នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីពី«វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ឯកឧត្តមបណ្ឌិត គុណ ញឹម បានពន្យល់ថា មូលហេតុដែលការប្រមូលពន្ធនៅក្នុងខែកុម្ភៈធ្លាក់ចុះ គឺដោយសារការអូសបន្លាយពេលនៅក្នុងពិធីបុណ្យចូលឆ្នាំចិនដែលធ្វើឲ្យអាជីវករមួយចំនួននៅបន្តឈប់សម្រាក។ ទន្ទឹមគ្នានេះដែរ គឺបានផ្ទុះឡើងនូវវីរុសកូរ៉ូណាដែលបណ្តាលឲ្យភ្ញៀវទេសចរមានការធា្លក់ចុះ និង ដោយសារតែចំនួនថ្ងៃនៅក្នុងខែកុម្ភៈមានតិចពេកដែលធ្វើឲ្យរយៈពេលនៃការប្រមូលពន្ធត្រូវបានកាត់បន្ថយ។
បើតាមគម្រោង ផែនការច្បាប់បានឲ្យខាងអគ្គនាយកដ្ឋានកំណត់ប្រមូលពន្ធឲ្យបាន២៩០០លានដុល្លារក្នុងមួយឆ្នាំ ឬ២៥០លានដុល្លារជាមធ្យមក្នុងមួយខែ។នៅក្នុងខែមករា ឆ្នាំ២០២០នេះ ខាងអគ្គនាយកដ្ឋានប្រមូលពន្ធបាន ២៥៥លានដុល្លារ ដែលចំនួននេះលើសពីផែនការបានកំណត់។ ប៉ុន្តែបើក្រឡេកមើលនៅក្នុងខែកុម្ភៈ ការប្រមូលពន្ធគឺបានត្រឹមតែ២៣៥លានដុល្លារប៉ុណ្ណោះ ដែលតួរលេខនេះស្ថិតនៅក្រោមផែនការបានកុំណត់។