
ភ្នំពេញ៖លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី ២៨ ធ្នូនេះ បានថ្លែងវាយតម្លៃអំពីនយោបាយអន្តរជាតិរវាងកម្ពុជាជាមួយប្រទេសជាប់ភូមិផងរបងកម្ពុជា។ក្នុងសារនោះលោកបណ្ឌិតសុខ ទូច បានបង្ហាញពីចេតនាអាក្រក់របស់ប្រទេសជិតខាងកម្ពុជាថា "ខ្ចីដៃមហាអំណាចដើម្បីកៀបសង្កត់មកលើកម្ពុជា"។
លោកបណ្ឌិតសុខ ទូច បានថ្លែងថា នៅពេលដែលកម្ពុជាកសាងអាកាសយានដ្ឋាន ឬកំពង់ផែទឹកជ្រៅ មានអ្នកមានកង្វល់ជាច្រើន។លោកថា វៀតណាមដែលមានកំពង់ផែទឹកជ្រៅយ៉ាងតិចចំនួន៦ មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ ចំណែកថៃមានកំពង់ផែទឹកជ្រៅចំនួន៨ អាកាសយានដ្ឋានអន្តរជាតិចំនួន៧ រីឯហ្វីលីពីនមានកំពង់ផែតូចធំរហូតទៅ៤២៩កន្លែង ព្រមទាំងមានអាកាសអន្តរជាតិចំនួន៤កន្លែង។
ចំណែកកម្ពុជាបានកសាងកំពង់ផែទឹកជ្រៅនៅរាម និងគម្រោងអភិវឌ្ឍនៅតារាសាគរ អន្តរជាតិមួយចំនួនគេនាំគ្នាព្រួយបារម្ភ។លោកបណ្ឌិតសុខ ទូច បានដាក់ការសន្និដ្ឋានថា អ្នកជិតខាងកម្ពុជាបានយកដៃមហាអំណាចដើម្បកៀបសង្កត់មកលើកម្ពុជា ហើយជនជាតិខ្មែរមួយចំនួនដែលទទួលបានប្រយោជន៍បន្តិបន្ទូចខាងនយោបាយ និងថវិកាបែរជាចាប់ផ្តើមហែកទ្រូងឱ្យគេចឹកទៅវិញ៕
