កណ្តាល៖ គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ដែលមានប្រវែងសរុប ៣,៧ គីឡូម៉ែត្រ សម្រេចបាន ៥០,៨%។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងនេះមានប្រវែងសរុប ៣,៧ គីឡូម៉ែត្រ រួមមានស្ពានដែលឆ្លងទន្លេ និងស្ពានអាកាសតភ្ជាប់ផ្លូវ លូ និងការងារវិស្វកម្មបន្ទាប់បន្សំ។ ស្ពានឆ្លងទន្លេមេគង្គ មានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ ដោយមានគន្លងផ្លូវរថយន្ត ផ្លូវទោចក្រយានយន្ត និងផ្លូវថ្មើរជើង ព្រមទាំងមានគន្លងនាវាចរណ៍ចំនួន ៣គន្លង ដែលគន្លងនីមួយៗមានចន្លោះសុវត្ថិភាព ទទឹង ១១០ម៉ែត្រ និងកម្ពស់ ១៥ម៉ែត្រ។
គម្រោងនេះមានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់តាមទន្លេមេគង្គ ផ្លូវនៅត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ តភ្ជាប់នឹងមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី ៣) និងផ្លូវជាតិលេខ១ ផ្លូវនៅត្រើយខាងកើតស្ថិត ក្នុងឃុំថ្មគរ តភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងនឹងសាងសង់។
គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា៕