ខេត្តសៀមរាប៖ ក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃពុធ ទី០៤ ខែកុម្ភៈ បានរកឃើញថា អ្នកដំណើរជាជនជាតិជប៉ុនម្នាក់មានផ្ទុកមេរោគកូវីដ-១៩ ពេលទៅដល់ព្រលានយន្តហោះក្រុងហូជីមិញ ក្រោយពីចាកចេញពីព្រលានយន្តហោះខេត្តសៀមរាបរបស់កម្ពុជា។ ចំពោះព័ត៌មាននេះ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានអះអាងថា ជនជាតិជប៉ុនរូបនោះមុនពេលចាកចេញពីកម្ពុជា គឺពិនិត្យរកមិនឃើញមានរោគសញ្ញានៃកូវីដ-១៩នោះឡើយ។
តាមរយៈទំព័រហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាបនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកទៀ សីហា បានអះអាងដូច្នេះ៖«ជនជាតិជប៉ុនរូបនេះ គឺគាត់ជាអ្នករស់នៅនិងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាបមិនមែនមកដំណើរកម្សាន្តលក្ខណៈទេសចរណ៍នោះទេ។ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះដោយបានសហការជាមួយនឹងកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប មន្ទីរនិងក្រសួងសុខាភិបាលសុខាភិបាល។ តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្តនិងភាគីកុងស៊ុលជប៉ុនប្រចាំខេត្តបានបញ្ជាក់ថាមុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះពុំមានរោគសញ្ញាកើតជំងឺ COVID-19នោះឡើយ»។
ជនជាតិជប៉ុនម្នាក់ត្រូវក្រុមគ្រូពេទ្យវៀតណាមរកឃើញថា មានឆ្លងមេរោគកូវីដ-១៩ ពេលឆ្លងកាត់ព្រលានយន្តអន្តរជាតិក្រុងហូជីមិញកាលពីថ្ងៃទី០៤ ខែកុម្ភៈ ដើម្បីបន្តដំណើរទៅកាន់ប្រទេសជប៉ុន។ នេះបើតាមសារព័ត៌មានវៀតណាម។ ជនជាតិជប៉ុនម្នាក់រូបនេះ បានចេញពីព្រលានយន្តហោះខេត្តសៀមរាបកាលពីថ្ងៃទី០៣ ខែកុម្ភៈកន្លងទៅ។
អភិបាលខេត្តសៀមរាប គូសបញ្ជាក់ថា មកដល់ពេលនេះ ភាគីជប៉ុនបានបញ្ជាក់ថា ក្រសួងសុខាភិបាលជប៉ុនពុំទាន់បានជូនដំណឹងជាផ្លូវការ ថាជនជាតិជប៉ុនរូបនេះមានឆ្លងនឹងកើតជំងឺ COVID-19 នៅឡើយ។ ទន្ទឹមគ្នានេះ លោកទៀ សីហា ក៏បានណែនាំឲ្យមន្ត្រីសុខាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងសហការជាមួយក្រសួងសុខាភិបាលដាក់ចេញនូវវិធានការនានា ដើម្បីត្រៀមបង្ការនិងស្រាវជ្រាវករណីនេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ៕