ភ្នំពេញ៖ ជនបរទេសជាជនសង្ស័យ ចំនួន៤០នាក់ មកពី៦សញ្ជាតិមាន ចិន ថៃ រុស្ស៊ី បង់ក្លាដែស មីយ៉ាន់ម៉ា និងវៀតណាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយសម្ភារៈ និងវត្ថុតាងមួយចំនួនធំ ត្រូវបានដកហូត ក្នុងប្រតិបត្តិការចុះបង្រ្កាបបទល្មើស Online Scams នៅទីតាំងខុនដូរបោលី អគារប៉ោលី (BAOLI INTER CITY) ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
ប្រតិបត្តិការចុះបង្រ្កាបនេះ ធ្វើឡើងដោយមានការដឹកនាំ ស្រាវជ្រាវ ដោយប្រើប្រាស់វិធានការជំនាញ ដឹកនាំបញ្ជាដោយ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការន.បរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ៧មករា ដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរ ទីតាំងស្ថិតនៅទីតាំង អគារប៉ោលី (BAOLI INTER CITY) ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមលទ្ធផលក្នុងកិច្ចប្រតិបត្តិការក្រុមការងារចម្រុះ បានបង្ក្រាបជាក់ស្តែងរកឃើញមនុស្សសរុប ៤០ នាក់ និងសម្ភារៈវត្ថុតាងមួយចំនួនធំ ជាប់ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពឆបោកអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ រកឃើញជនបរទេសសរុបចំនួន ២២នាក់ មាន ០២សញ្ជាតិ ក្នុងនោះ ជនជាតិចិន ២០នាក់ (ប្រុស) និងជនជាតិរុស្ស៊ីចំនួន ០២នាក់ (ស្រី ០១នាក់) សម្ភារៈវត្ថុតាងដែលបានដកហូតរួមមាន ទូរស័ព្ទដៃ ចំនួន ៥២៨ គ្រឿង, កុំព្យូទ័រលើតុ (ALL IN ONE) ចំនួន ៣៥ គ្រឿង, ធុង CPU ចំនួន ៣០ គ្រឿង, អេក្រង់ (MONITOR) ចំនួន ៣៥ គ្រឿង, កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន ០២ គ្រឿង។
យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច (កុំព្យូទ័រ និងទូរស័ព្ទដៃ) របស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថា ទីតាំងខាងលើជាប់ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពឆបោកអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ។
ចំណែកករណីទី២ យោងតាមការធ្វើកោសល្យវិច្ច័យ សន្និដ្ឋានបានថា ឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា online Scam ក្រោមរូបភាពប្រើប្រាស់រូបថតនារីស្អាតៗ បោកប្រាស់លេងល្បែងលើវេបសាយក្លែងក្លាយជាប់ពាក់ព័ន្ធករណីជនបរទេសគ្មានលិខិតឆ្លងដែន ចំនួន ០៦ នាក់ (ស្រី ០៣នាក់) ក្នុងនោះមាន ជនជាតិថៃ ០២នាក់ (ស្រី), ជនជាតិមីយ៉ាន់ម៉ា ០១ (ប្រុស), ជនជាតិវៀតណាម ០១នាក់ (ស្រី) និងជនជាតិចិន ០២នាក់៕