ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ៣ មេសានេះ បានប្រកាសជាសាធារណៈនឹង«ដកអាជ្ញាប័ណ្ណ និង បញ្ចប់តួនាទី បណ្ដេញចេញពីក្របខណ្ឌ»ចំពោះ ក្រុមហ៊ុនប្រេងឯកជន និង មន្ត្រីរាជការ ឬកម្លាំងប្រដាប់អាវុធ ដែលលួចនាំប្រេងពីថៃចូលកម្ពុជា។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីមានព័ត៌មានមួយចំនួនថា មានករណីលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជា។
សម្តេច ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឲ្យ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស ថេត អគ្គស្នងការនគរបាលជាតិ និង លោក គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់។ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត។
សម្តេច ហ៊ុន ម៉ាណែត បានព្រមានធ្ងន់ៗបើជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។បើជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃ ចាប់តាំងពីខែមិថុនាឆ្នាំ២០២៥។សម្រាប់សម្តេច ហ៊ុន ម៉ាណែត បច្ចុប្បន្នកម្ពុជាក៏មិនមានការចាំបាច់ ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ៕