ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នាថ្ងៃទី១៨ធ្នូ បានលើកឡើងថា «អ្នកសារព័ត៌មានបានរួមចំណែកក្នុងការទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩» ដោយបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវវិធានការរបស់រដ្ឋាភិបាល ក៏ដូចជាការអប់រំ និងវិធានការសុវត្ថិភាពនានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។
ថ្លែងក្នុងសារលិខិតរបស់សម្តេច ហ៊ុន សែន ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី«តួនាទីសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ»នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។ ឆ្លៀតក្នុងឳកាសនេះ សម្តេចបានកោតសរសើរដោយស្មោះអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក ទោះបីសភាពការណ៍នៅលើសកលលោក ក៏ដូចជានៅប្រទេសកម្ពុជា កំពុងតែប្រឈមទៅនឹងការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ ក៏ដូចជាអ្នកសារព័ត៌មានបានខិតខំពុះពាររាល់ឧបសគ្គដែលប្រឈមនឹងគ្រោះថ្នាក់ និងជំនះរាល់ការលំបាក់នានា ដើម្បីបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានបានរហ័សទាន់ពេលវេលាជូនប្រជាពលបានដឹងដើម្បីស្វែងយល់អំពីសភាពការណ៍ពិត ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។
សម្តេចបានបន្តថា ជាពិសេសអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងរហ័សទាន់ពេលវេលានូវវិធានការទាំងឡាយរបស់រដ្ឋាភិបាល ក៏ដូចជាការអប់រំ និងវិធានការសុវត្ថិភាពនានារបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាលនៃកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។ កត្តាទាំងនេះហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ភាពជាដៃគូមិនអាចខ្វះបានរវាងរដ្ឋាភិបាលជាមួយស្ថាប័នព័ត៌មានក្នុងការអភិវឌ្ឍប្រទេសជាតិ និងថែរក្សាសុខសន្តិភាពនៅកម្ពុជា។
ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវដល់ស្ថាប័នព័ត៌មានទាំងអស់ បន្តចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយព័ត៌មានពិត និងធ្វើការបកស្រាយឲ្យបានទាន់សភាពការណ៍ដើម្បីបន្សាប និងបំផ្លាញចោលរាល់ព័ត៌មានក្លែងក្លាយរបស់ក្រុមអគតិ ក្រុមឳកាសនិយម ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានា ដើម្បីបំពុលបរិយាកាសសង្គម៕