ភ្នំពេញ៖ក្រសួងសន្តិសុខសាធារណៈប្រទេសចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី ១៦ មីនានេះ បានប្រគល់«សម្ភារៈបច្ចេកទេស»ដល់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. សម្រាប់រួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។ពិធីរៀបចំឡើងដោយមានលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
លោក ឆៃ ស៊ីណារិទ្ធ បានថ្លែងចាត់ទុកការគាំទ្រ«សម្ភារៈបច្ចេកទេស» គឺជាសក្ខីភាពមួយបង្ហាញពីមិត្តភាពដែកថែបរវាងប្រទេសទាំងពីរកម្ពុជា-ចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។លោកថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការក្តៅជាបន្តបន្ទាប់ ដើម្បីបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីកម្ពុជា ហើយពេលនេះ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំង Online Scam ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តកាលពីចុងសប្តាហ៍កន្លងមកនេះ និង កំពុងបន្តនីតិវិធី នឹងក្លាយជាមូលដ្ឋានច្បាប់ដ៏រឹងមាំក្នុងការទប់ស្កាត់ បង្ក្រាប និង បោសសម្អាតពីកម្ពុជា។
បើតាមលោក ឆៃ ស៊ីណារិទ្ធ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់ និង សកលលោកមានលក្ខណៈស្មុគស្មាញប្រទាក់ក្រឡា ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មនេះក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខ។ជាមួយគ្នានោះ សមត្ថកិច្ចកម្ពុជា-ចិន កំពុងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនានា ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយទទួលបានលទ្ធផលល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ទាំងមូល ។
លោក វ៉ាង វិនពីន បានថ្លែងថា ការផ្តល់សម្ភារៈបច្ចេកទេស របស់ចិន ជូនដល់ភាគីកម្ពុជានេះ នឹងជួយគាំទ្រដល់ដល់ប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជោគជ័យ។លោកកោតសរសើរ ចំពោះការដឹកនាំកម្ពុជា បានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដោយបានចុះត្រួតពិនិត្យ និង បើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកតាមកន្លែងគោលដៅជាច្រើន។ ជាលទ្ធផល បានកម្ទេចគោលដៅបង្កប់បទល្មើសជាច្រើនកន្លែង និង ចាប់ខ្លួនជនសង្ស័យជាច្រើននាក់។
បើតាមប្រមុខទូតចិន បានបង្ហាញការគាំទ្រចំពោះ ការបង្កើត ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជាក្នុងការលុបបំបាត់បទល្មើសនេះឱ្យអស់ពីឫសគល់។សម្រាប់លោក វ៉ាង វិនពីន ភាគីចិនមានឆន្ទៈបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការស៊ើបអង្កេតរួមគ្នាលើឧក្រិដ្ឋកម្មឆ្លងដែន គោលដៅរួមគឺដើម្បីលុបបំបាត់ "មហារីក" នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីការពារសុវត្ថិភាពប្រជាជន និងបង្កើតបរិយាកាសល្អសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ៕