681 ezgif.com resize
Swift cc time

ក្រសួងការងារ និងKOICA បានពិភាក្សាលើការអនុវត្តគម្រោងលើកកម្ពស់ជំនាញយុវជនកម្ពុជា និងឱកាសការងារនៅកូរ៉េ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា និងគណៈប្រតិភូ លើការអនុវត្ត «គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០២៦–២០៣០» នៅទីស្ដីការក្រសួង។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ KOICA ដែលបាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍជាច្រើននៅកម្ពុជា និងសារៈសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការនេះ ដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ជាពិសេស ការគាំទ្រដល់ការលើកកម្ពស់កម្លាំងពលកម្មកម្ពុជា ឱ្យក្លាយជាកម្លាំងពលកម្មមានជំនាញច្បាស់លាស់ ដែលជាទិសដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការអនុវត្តគម្រោងនេះ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាកាលពីឆ្នាំ២០២៤ ដោយមានគោលបំណងលើកកម្ពស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារកម្លាំងពលកម្មទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែស្របតាមទិសដៅអាទិភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា នឹងអាចបង្កើតកម្លាំងពលកម្មជំនាញកាន់តែច្រើនលើជំនាញមេកានិកឧស្សាហកម្ម, ជំនាញផ្សាអគ្គិសនី និងជំនាញសំណង់ ដែលឆ្លើយតបនឹងលក្ខខណ្ឌ និងតម្រូវការទីផ្សារការងាររបស់សាធារណរដ្ឋកូរ៉េ ។

ជាមួយគ្នានោះ លោកស្រី ឆយ ម៉ូន ជុង បានបង្ហាញនូវការពេញចិត្តចំពោះការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោង ដែលមានគោលដៅរួម គឺធានាឱ្យសិស្ស-និស្សិតកម្ពុជាអាចបង្កើនជំនាញវិជ្ជាជីវៈបានយ៉ាងពេញលេញទាំងចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅសាលា។ លោកស្រីបន្ថែមថា គម្រោងនេះ មិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលសិស្ស-និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ពួកគេទៅនឹងឱកាសការងារនៅក្រៅប្រទេស៕


Khcct banner

អត្ថបទទាក់ទង