
ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី ៧ ធ្នូនេះ បានថ្លែងពីការណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចហើយ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។លោកកឹម សុខា អតីតប្រធានបក្សប្រឆាំង បានបង្ហាញការគាំទ្រចំពោះគម្រោងនេះ។
"ខ្ញុំសូមចូលរួមគាំទ្រដល់វិធានការនានា ដេីម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសនៅពេលថ្មីៗនេះ ខ្ញុំសូមគាំទ្រនូវគម្រោងផែនការដែលដាក់ចេញមកដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាន់ពេលវេលាក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយេីងដោយឥតគិតថ្លៃ"។នេះជាសាររបស់លោកកឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។
ជាមួយគ្នានេះដែរ លោកកឹម សុខា ក៏បានអបអរសាទរ និងកោតសរសើរក្រៃលែង ចំពោះសប្បុរសជនដែលបានចូលរួមជាថវិកាដោយទឹកចិត្តជ្រះថ្លា ជូនទៅរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្មែរ និងសូមលេីកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ ដោយទឹកចិត្តសប្បុរសធម៌ សាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ-១៩ នេះ។
ក្នុងនាមប្រជាពលរដ្ឋខ្មែរ និងក្នុងនាមលោកផ្ទាល់ លោកសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ប្រទេសអភិវឌ្ឍន៍មានធនធាន មានមធ្យោបាយ ជួយផ្ដល់នូវវ៉ាក់សាំងការពារនឹងកូវីដ-១៩នេះ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ តាមលទ្ធភាព ប្រកបដោយមនុស្សធម៌។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី ៧ ធ្នូនេះ បានថ្លែងពីការណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចហើយ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។គិតត្រឹមថ្ងៃទី៨ ខែធ្នូនេះ ចំនួនទឹកប្រាក់ដែលសប្បុរសជនបានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ មានចំនួន១៨លានដុល្លារអាមេរិក។
បន្ទាប់ពីមានការប្រកាសទទួលយកថវិការពីប្រជាពលរដ្ឋពីសំណាក់សម្តេចនាយករដ្ឋមន្រ្តីសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ-១៩ ប្រជាពលរដ្ឋ ជាពិសេសអ្នកលេងក្នុងបណ្ដាញសង្គមជាច្រើនបានបង្ហាញពីទឹកចិត្តរបស់ខ្លួនជាមួយរដ្ឋាភិបាលដោយបរិច្ចាគថវិកាផ្ទាល់ខ្លួនទៅតាមលទ្ធភាពរៀងៗខ្លួន៕