ភ្នំពេញ៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានផ្ញើលិខិតជូនសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអញ្ជើញចូលរួមជារដ្ឋសមាជិកនៃ ក្រុមប្រឹក្សាសន្តិភាព និង ជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ការកោះអញ្ជើញនេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទី៥ក្នុងតំបន់អាស៊ានដែលត្រូវលោកត្រាំ ដាក់លិខិតអញ្ជើញជាផ្លូវការ។
យោងតាមខ្លឹមសារលិខិតផ្ញើជូនសម្តេច ហ៊ុន ម៉ាណែត លោកត្រាំ បានលើកឡើងពីផែនការទូលំទូលាយ ដើម្បីបញ្ចប់ជម្លោះក្នុ្ងងតំបន់ហ្គាហ្សា ដែលជាផែនទីបង្ហាញផ្លូវចំនួន ២០ ចំណុចដែលបានប្រកាសនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីមេដឹកនាំពិភពលោក រួមទាំងមេដឹកនាំមកពីពិភពអារ៉ាប់ អ៊ីស្រាអែល និងអឺរ៉ុប។
លោក ត្រាំ បានបញ្ជាក់បន្ថែមពីការគាំទ្ររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើក្រុមប្រឹក្សាសន្តិភាព ហើយលោក បានសង្កត់ធ្ងន់ពីភាពចាំបាត់នៃការបង្កើតក្រុមប្រឹក្សាសន្តិភាពនេះ ដែលជាអង្គការអន្តរជាតិដ៏សំខាន់មួយដែលត្រូវបានរចនាឡើង ដើម្បីសម្រួលដល់សន្តិភាពយូរអង្វែង។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាព គឺជាអង្គការអន្តរជាតិ បង្កើតឡើងដើម្បីដោះស្រាយជម្លោះ រក្សាស្ថិរភាព និងសុខសន្តិភាពយូរអង្វែង នៅលើពិភពលោក។ គោលបំណងរបស់អង្គការនេះ គឺដើម្បីប្រកួតប្រជែង និង ដើរតួនាទីជំនួសអង្គការសហប្រជាជាតិ។លោកដូណាល់ ត្រាំត្រូវធ្វើជាអធិបតី ហើយសមាជិកអចិន្ត្រៃយ៍ត្រូវបង់ប្រាក់វិភាគទាន ១ពាន់លានដុល្លារ។ប្រទេសក្នុងតំបន់អាស៊ានមួយចំនួនត្រូវបានលោកត្រាំ ដាក់លិខិតអញ្ជើញ ក្នុងនោះមាន ឥណ្ឌូណេស៊ី ថៃ សិង្ហបុរី វៀតណាម និង កម្ពុជា៕