ភ្នំពេញ៖ នៅក្នុងពេលធ្វើចត្តាឡីស័កពលរដ្ឋក្រីក្រនឹងទទួលបានថវិកា២ម៉ឺនរៀលក្នុងមួយថ្ងៃ។ នេះបើតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបនាព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកំណត់ការជួយសម្រាប់ប្រជាជនក្រីក្រមួយគ្រួសារ២ម៉ឺនរៀលក្នុងមួយថ្ងៃ រយៈពេល១៤ថ្ងៃ នៃការធ្វើចត្តាឡីស័ក ហើយក្នុងមួយគ្រួសារទទួលបានទឹកប្រាក់សរុប៣០ម៉ឺនរៀល។
បើតាមសម្តេច នៅក្នុងការធ្វើសំណាកជាង៣ពាន់សំណាកមានប្រជាពលរដ្ឋក្រីក្រមិនដល់១០០នាក់ទេ ដូចនេះការចំណាយនេះ គឺពិតជាសមរម្យនិងសមស្របសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលកំពុងតែជួបផលវិបាកផ្នែកសេដ្ឋកិច្ចដោយពុំបានចេញប្រកបរបរខណៈកំពុងធ្វើចត្តាឡីស័ក។
សម្តេចបានថ្លែងថា "បងប្អូនជនរួមជាតិ!ព្រឹកមុិញនេះខ្ញុំសំរេចឱ្យបញ្ចេញសាច់ប្រាក់ជាង១០០០លានរៀលជូនទៅរាជធានីខេត្តនៅទូទាំងប្រទេសសម្រាប់ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័កដែលគ្រួសារនីមួយៗនឹងទទួលបាន២មុឺនរៀលក្នុងមួយថ្ងៃដែលមានរយៈពេល១៥ថ្ងៃដែលថវិកាសរុបទទួលបាន៣០មុឺនរៀលក្នុងមួយគ្រួសារ។សូមកុំមានការភាន់ច្រឡំថាខ្ញុំតម្រូវឱ្យធ្វើចត្តាឡីសក័១៥ថ្ងៃ។ការធ្វើចត្តាឡីស័កត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូនថវិកាសម្រាប់១៥ថ្ងៃក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ"។
ការហ៊ានចំណាយថវិកាជាតិក្នុងការផ្តល់ឱ្យប្រជាពលរដ្ឋក្រីក្របែបនេះ គឺដើម្បីជួយដោះស្រាយបញ្ហាជីវភាពគ្រួសាររបស់ពួកគាត់ក្នុងពេលធ្វើចត្តាឡីស័ក ជាពិសេសគឺដើម្បីការពារជីវិតមនុស្សដ៏ទៃទៀតកុំឱ្យឆ្លងពីពួកគាត់។នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេច។
យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាល ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគឺមិនត្រូវចំណាយថវិកាផ្ទាល់ខ្លួនរៀងរាល់ពេលធ្វើតេស្តរកកូវីដ១៩ និងកំឡុងពេលធ្វើចត្តាឡីស័កឡើយ ហើយប្រាក់ឧបត្ថមស្រាប់ប្រជាពលរដ្ឋក្រីក្រក្នុងពេលធ្វើចត្តាឡីស័ក១៤ថ្ងៃមានសរុបចំនួន ១,១៧០,០០០,០០០០រៀល៕