ភ្នំពេញ៖ ប្រទេសចិន ជាប្រទេសមួយដែលដឹកមុខ ក្នុងការអភិវឌ្ឍ វិនិយោគ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងសកលលោក ។ ក្នុងន័យនេះ ការជំរុញកិច្ចសហប្រតិ- បត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ នឹងក្លាយជាប្រធានបទមួយដ៏សំខាន់នាពេលអនាគត។ នេះបើតាមការប្រសាសន៍របស់សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបើកសម្ពោធពិពរណ៍ចិន-អាស៊ាន លើកទី១៧ ឆ្នាំ២០២០។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ទន្ទឹមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយវិបត្តិនេះក៏បានរំលេចឱ្យឃើញកាន់តែច្បាស់នូវភាពចាំបាច់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល ។ បច្ចេកវិទ្យាឌីជីថលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របខ្លួន ទៅបរិការណ៍ថ្មីនៃការរស់នៅ និងអនុវត្តការងារ ដោយបានជួយសម្រួល ដល់ការប្រាស្រ័យទាក់ទងគ្នាក្នុងតំបន់ និងសកល, ការតភ្ជាប់សកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ ។ល។
បើតាមសម្តេច ការពន្លឿនការអភិវឌ្ឍការតភ្ជាប់ឌីជីថលតំបន់ និងការប្រែក្លាយសង្គម-សេដ្ឋកិច្ចឱ្យទៅជាសង្គម-សេដ្ឋកិច្ចឌីជីថល នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ នាពេលអនាគត ។ ប្រទេសចិន ជាប្រទេសមួយដែលដឹកមុខ ក្នុងការអភិវឌ្ឍ, វិនិយោគ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងសកលលោក ។
ជាមួយគ្នានោះ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ទាំងក្នុងវិស័យផលិតកម្ម, ឧស្សាហកម្ម, សេវាកម្ម និងរដ្ឋាភិបាលឌីជីថល (Digital Government) ។ កម្ពុជានឹងដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល នាពេលឆាប់ៗខាងមុខនេះ ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្នានឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ, រួមមាន (១).ការដាក់ឱ្យអនុវត្តនូវថ្នាលចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលតែ ០៨ ថ្ងៃប៉ុណ្ណោះ ក្នុងការបើកក្រុមហ៊ុនអាជីវកម្ម, (២).បានចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមានចាប់ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២១, និង (៣).ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាដើម ។
ជាងនេះទៅទៀត កម្ពុជានឹងដាក់ចេញ ច្បាប់វិនិយោគថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញ តាមរយៈការផ្ដល់ការលើកទឹកចិត្តជាកញ្ចប់ដល់ការវិនិយោគ លើឧស្សាហកម្មប្រភេទអេឡិចត្រូនិក, បង្គុំ, កសិ-ឧស្សាហកម្ម, គ្រឿងបន្លាស់, បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។ល។