ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក បានអោយដឹងថា លោកប្រធានាធិបតីអាមេរិក នឹងលើកពេលធ្វើកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ នេះបើតាមការលើកឡើងរបស់ស្ថានទូតកម្ពុជាប្រចាំការនៅអាមេរិក ក្នុងទីក្រុងវ៉ាស៊ីងតោង ដែលបានចុះផ្សាយការល្ងាចថ្ងៃសុក្រម្សិលមិញនេះ។
លោកDavi Stilwell ដែលជាឧបការីរដ្ឋមន្រ្តីការបរទេស ទទួលបន្ទុកផ្នែកកិច្ចការអាស៊ី និងប៉ាស៊ីហ្វីច និង រួមជាមួយលោក Matthew Pottinger ឧបការីរងរបស់ប្រធានាធិតី អាមេរិក បានអោយដឹងតាមរយៈកិច្ចប្រជុំតាមទូរស័ព្ទ Conference Call កាលពីល្ងាចម្សិលមិញ ជាមួយឯកអគ្គរាជទូត និងរដ្ឋទូតអាស៊ាន បានជម្រាបថា លោកប្រធានាធិបតីដូណាល់ត្រាំ បានសម្រេចចិត្តលើកកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិក។
ការសម្រេចនេះ គឺដោយផ្អែកលើការយកចិត្តទុកដាក់ពិសេសទៅលើការប្រយុទ្ធប្រឆាំង និងការរីករាលដាលនៃជំងឺកូរ៉ូណា។លោកដូណាល់ត្រាំ ក៏បានធ្វើការពិគ្រោះយោបល់ជាមួយបណ្តាប្រទេសអាស៊ាន រួចហើយក្នុងការប្រកាន់យកនូវសេចក្តីសម្រេចចំពោះការលើកកិច្ចប្រជុំពិសេសនេះ៕