681 ezgif.com resize
Swift cc time

ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​គាំទ្រប្រតិបត្តិការបង្រ្កាបបទល្មើស(Online Scams)នៅកម្ពុជា​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក វ៉ាង វិនប៊ីន ​(Wang Wenbin) និងស្តាំ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ប្រភពរូប៖ Wang Wenbin

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ​លោក វ៉ាង វិនប៊ីន ​(Wang Wenbin) ​ នៅថ្ងៃទី ២៣ កក្កដានេះ បានប្រកាសភាគីចិនសុខចិត្តសហការជាមួយភាគីមិត្តកម្ពុជាក្នុងការជំរុញឲ្យសុីជម្រៅនូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងគាំទ្រភាគីមិត្តកម្ពុជាបង្ក្រាប និងដាក់ទោសតាមច្បាប់លើសកម្មភាពឧក្រិដ្ឋកម្មខុសច្បាប់។

យោងតាម​លោក វ៉ាង វិនប៊ីន ​(Wang Wenbin) បានបង្ហាញពីសេចក្តីសោមនស្សរីករាយណាស់ ដែលបានមានជំនួបជាមួយ  លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ក្នុងខ្លឹមសារនោះ លោកថា  ភាគីចិនសុខចិត្តសហការជាមួយភាគីមិត្តកម្ពុជាក្នុងការជំរុញឲ្យសុីជម្រៅនូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងគាំទ្រភាគីមិត្តកម្ពុជាបង្ក្រាប និងដាក់ទោសតាមច្បាប់លើសកម្មភាពឧក្រិដ្ឋកម្មខុសច្បាប់ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ១៣៨ទីតាំង, ឃាត់ខ្លួនជនសង្ស័យសរុប ៣.០៧៥នាក់ (ស្រី ៦០៦នាក់) ក្នុងនោះជនជាតិ ចិន, វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដេស, ថៃ, កូរ៉េ, ប៉ាគីស្ថាន, នេប៉ាល់, ម៉ាឡេស៊ី និងជនជាតិផ្សេងៗទៀត ហ្វីលីពីន ឡាវ កាមេរ៉ូន នីហ្សេរីយ៉ា យូហ្គាន់ដា សេរ៉ាលីអូន ម៉ុងហ្គោលីរុស្ស៊ី មីយ៉ាន់ម៉ា ជាដើម។

ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ ក្នុងនោះ តុលាការបានចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នមេក្លោងចំនួន ៨នាក់) បញ្ជូនជនជាតិចិនចំនួន ១៧នាក់(ស្រី ២នាក់) ទៅស្នាក់ការត្រៀមបណ្ដេញចេញប្រចាំខេត្តព្រះសីហនុ ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅប្រទេសសាមី។ ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕


Khcct banner

អត្ថបទទាក់ទង