
ភ្នំពេញ៖ លោក ឡរ៉េន វ៉ុង ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សាធារណរដ្ឋសិង្ហបុរីនាពេលបច្ចុប្បន្ន ដែលបានចាប់ផ្តើមបម្រើការងារជា Minister of state នៃក្រសួងអប់រំ និងក្រសួងការពារជាតិ តាំងពីកំឡុងឆ្នាំ២០១១ និង២០១២។ លោកជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់សិង្ហបុរី ធ្វើការសកម្មក្នុងការងារ ហើយបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស រហូតត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ និងបានស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តី នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ។
លោក ឡរ៉េន វ៉ុង មានសញ្ជាតិសិង្ហបុរី កើតក្នុងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧២ ដោយមានលោកស្រី ជឺលុយ លូ ជាភរិយា។ លោក បានសិក្សាបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចកំឡុងឆ្នាំ១៩៩១-១៩៩៤ នៅសហរដ្ឋអាម៉េរិក និងបានបន្តការសិក្សាជាអនុបណ្ឌិតចំនួន២ ក្នុងផ្នែកសេដ្ឋកិច្ច ក្នុងឆ្នាំ១៩៩៤-១៩៩៥ និងផ្នែករដ្ឋបាលសាធារណៈ ក្នុងឆ្នាំ២០០៣-២០០៤ នៅសហរដ្ឋអាម៉េរិក។
ក្នុងវ័យ៣៩ឆ្នាំ លោកបានបម្រើការងារជា Minister of state នៃក្រសួងអប់រំ និងក្រសួងការពារជាតិ តាំងពីកំឡុងឆ្នាំ២០១១ និង២០១២។ លោកបានបំពេញការងារយ៉ាងសកម្មនិង វិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស ដោយក្នុងរយះពេល៧ឆ្នាំ ពីឆ្នាំ២០១៤-២០២១ លោកបានកាន់អំណាចជារដ្ឋមន្រី្តចំនួន៦ដង ក្នុងក្រសួងចំនួន៥ រួមមាន ក្រសួងវប្បធម៌ សហគមន៍ និងយុវជន, ក្រសួងទំនាក់ទំនង និងព័ត៌មាន, ក្រសួងអភិវឌ្ឍន៍ជាតិ, ក្រសួងហិរញ្ញវត្ថុ, និងក្រសួងអប់រំ។

លោក ឡរ៉េន វ៉ុង កាន់អំណាចជាឧបនាយករដ្ឋមន្ត្រីកំឡុងឆ្នាំ២០២២ ដល់ ឆ្នាំ២០២៤។ លោកត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ហើយបានស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ។
នាពេលបច្ចុប្បន្ននេះ លោក ឡរ៉េន វ៉ុង មានតួនាទី និងអំណាច នៅជាច្រើនស្ថាប័ន ដោយលោកមានតួនាទីជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រវិនិយោគ នៃសាជីវកម្មវិនិយោគ GIC និងជាសមាជិកក្រុមប្រឹក្សាភិបាល GIC, សមាជិកសភា, អគ្គលេខាធិការគណបក្សសកម្មភាពប្រជាជន, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ, និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី។
គួរបញ្ជាក់ថា លោក ឡរ៉េន វ៉ុង នឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃស្អែកនេះ ដោយលោកនឹងមានព្រះរាជសាវនាការជាមួយ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង នឹងមានជំនួបសម្តែងការគួរសមជាមួយ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ហើយនឹងមានជំនួបទ្វេភាគី ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ដើម្បីពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និង កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និង សិង្ហបុរី៕