Cctimesw1140xh150cm copy

លោកសាន ដារ៉ាវីត៖ ទីក្រុងស្អាតគ្មានប្លាសិ្ទក កើតចេញពីយើងទាំងអស់គ្នា

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
ប្រធានក្រុមយុវជនសំរាម លោក សាន ដារ៉ាវីត។

ភ្នំពេញ៖ សំរាមប្លាស្ទិក ជាបញ្ហាសង្គមមួយដែលប្រទេសកម្ពុជាកំពុងតែព្រួយបារម្ភ ធ្វើឱ្យក្រុមយុវជនស្ម័គ្រចិត្តគំរូជាច្រើនក្រុមបានចូលរួមយុទ្ធនាការសម្អាតបរិស្ថាន ក្នុងគោលបំណងឱ្យភ្នំពេញជាទីក្រុងស្អាតគ្មានសំរាមប្លាស្ទិក។ ស៊ីស៊ីថាមស៍បានធ្វើបទសម្ភាសន៍ជាមួយនឹងប្រធានក្រុមយុវជនសំរាម លោក សាន ដារ៉ាវីត ក្នុងប្រធានបទ “ ទីក្រុងស្អាតគ្មានប្លាសិ្ទក កើតចេញពីអ្នកទាំងអស់ត្រូវយល់ពីគ្នាទៅវិញទៅមក” ”។ ដើម្បីឱ្យទីក្រុងគ្មានសំរាមប្លាស្ទិក គឺកើតចេញពីគ្រប់គ្នាយល់ពីគ្នាអំពីទំនួលខុសត្រូវរៀងៗគ្នាក្នុងការគ្រប់គ្រងសំរាមទាំងអស់នោះ។ 

លោក សាន ដារ៉ាវីត បានអះអាងថា៖ “ អ្នកដែលស្រលាញ់ ការពារបរិស្ថាន និងដឹងពីទំនួលខុសត្រូវរបស់ខ្លួន តែងជាមនុស្សដែលមានទឹកចិត្តស្រលាញ់សង្គម ដោយគិតពីប្រយោជន៍រួមរបស់ជាតិ និងក្លាយខ្លួនជាបុគ្គលគំរូដល់បណ្ដាយុវជននានា និងធនធានមនុស្សដែលប្រទេសជាតិត្រូវការបំផុត ” ។

ក្នុងនាមជាយុវជនស្ម័គ្រចិត្តម្នាក់ ដែលស្ម័គ្រចិត្តជួយសម្អាតបរិស្ថាន នៅតាមតំបន់ជាច្រើន នៅរាជធានីភ្នំពេញ លោកដារ៉ាវីតបានអះអាងថា ទីក្រុងគ្មានសំរាម ដែលជាគោលបំណងនៃការបង្កើតក្រុមយុវជនសំរាមនេះឡើង។ បើយើងអាចសម្អាតសំរាមឱ្យបានស្អាតនៅរាជធានី នោះគ្រប់ខេត្តក៏យើងអាចសម្អាតបានដែរ វាងាយស្រួលទេ តែវាទាមទារឱ្យមានការចូលរួមពីសំណាក់គ្រប់អ្នកពាក់ព័ន្ធ និយាយរួមគឺចាប់ផ្ដើមពីអ្នកទាំងអស់គ្នា។

លោក ដារ៉ាវីត និយាយថា៖ “ គោលបំណងនៃការបង្កើតក្រុមយុវជនសំរាម គឺដើម្បីសម្អាតបរិស្ថាន។ ដោយខ្ញុំបាទមើលឃើញថា នៅតាមតំបន់មួយចំនួន នៅតែជួបបញ្ហាគ្រប់គ្រងសំរាមប្លាស្ទិក ដូចជានៅតាមផ្លូវសាធារណៈ បណ្ដោយមាត់ទទ្លេ មុខបរមរាជវាំង និងកន្លែងផ្សេងទៀត មានការបោះចោលសំរាមយ៉ាងច្រើនក្នុងទឹក និងចាក់សំរាមចោលតាមផ្លូវដោយឥតសណ្ដាប់ធ្នាប់។ នៅតាមតំបន់ប្រលាយទឹកលូ បឹងត្របែក ដែលគោលដៅដំបូងនោះនៅភ្នំពេញនៃការធ្វើសកម្មភាពរបស់ក្រុមយើងខ្ញុំ ជាមួយស្មារតីចង់ជួយសម្អាតបរិស្ថានពោរពេញទៅដោយសំរាម ហើយអាចបង្កជាគ្រោះថ្នាក់ដល់អ្នកស្រុកអ្នកភូមិនៅទីនោះ និងមិនចង់ឃើញក្នុងប្រទេសយើងសុទ្ធតែសំរាមនោះឡើយ” ។

លោកបានថ្លែងបន្តថា កាលពីឆ្នាំមុន ថ្ងៃ៨ខែមីនា ២០១៩ យុវជនយុវនារីមួយក្រុមមានគ្នាប្រហែលជាង ២០នាក់បន្តនាំគ្នាប្រមូលសំរាមនៅតាមលូទឹកស្អុយបឹងត្របែកនៅព្រឹក ហើយចលនាក្រុមយុវជនស្ម័គ្រចិត្តរបស់លោកដំបូងនេះ ទទួលបានការគាំទ្រជាកម្លាំង ស្មារតី និងសម្ភារៈជាបន្តបន្ទាប់។ ចំពោះចក្ខុវិស័យរបស់ពួកយើង គឺចង់បន្ដសកម្មភាពរហូត កំពុងព្យាយាមធ្វើឱ្យបរិមាណសំរាមថយចុះ និងកែប្រែសំរាមទាំងនោះផងដែរ។ រាជធានីភ្នំពេញ ជាគោលដៅដំបូងរបស់ពួកយើង ហើយសម្រាប់ខេត្តនានា ដូចជាមិនពិបាក។

លោកបន្ថែមទៀតថា៖ “ពួកយើងមានគោលបំណងច្បាស់លាស់ គោលដៅពិតៗ ចង់ធ្វើឱ្យវាចេញរូបរាងឡើង។ ដោយប្រាប់ពីគោលបំណង បេសកម្មនៃដំណើរការក្រុមយុវជនសំរាមក្នុងការសម្អាតសំរាមប្លាស្ទិកនៅទីក្រុងភ្នំពេញ យើងបានប្រកាសតាមបណ្ដេញសង្គម ដែលមានទទួលការគាំទ្រ និងចូលរួម។ យ៉ាងណាមិញបញ្ហាដែលក្រុមយើងត្រូវប្រឈម ធម្មតាដំបូងឡើយ គេអត់ដឹងថាក្រុមមកពីណា ហើយថាជាក្រុមបក្សប្រឆាំង មកធ្វើការងារសង្គមដើម្បីផ្ចាញ់ផ្ចាល់រាជរដ្ឋាភិបាល ដើម្បីគោលនយោបាយរបស់ខ្លួន និងផ្សព្វផ្សាយពីក្រុមរបស់ខ្លួនតែប៉ុណ្ណោះ។ តែក្រោយៗមក មានគេបានឃើញពីសមិទ្ធិផល និងការខិតខំប្រឹងប្រែងរបស់ក្រុមពួកយើង បានធ្វើឱ្យស្ថាប័នទាំងឯកជនទាំងរដ្ឋ បានចូលរួមជាមួយក្រុមយុវជនសំរាម រហូតសព្វថ្ងៃនេះ ”។

លោក ដារ៉ាវីត មានមតិយោបល់ថា៖ “ បើសិននៅប្រទេសកម្ពុជាភាគច្រើន ភាគីពាក់ព័ន្ធដូចជា ប្រជាពលរដ្ឋទាំងនៅស្ថាប័នរដ្ឋ និងឯកជន អ្នកធ្វើការងារប្រមូលសំរាម នៅអត់ទាន់យល់ពីគ្នា ផ្សារភ្ជាប់នឹងទំនួលខុសត្រូវបានត្រឹមត្រូវ នៅតែឆ្លើយបន្ទោសគ្នាទៅវិញទៅមក មានន័យថា ប្រជាពលរដ្ឋបន្ទោសក្រុមហ៊ុនដឹកសំរាម អត់មកយកសំរាមអត់ទៀងពេល ឯស្ថាប័នថា ប្រជាជនខ្វះចំណេះដឹង។ ហេតុនេះ ភាគីនីមួយៗ គួរតែសិក្សាពីគ្នាទៅវិញទៅមក និងប្រើផ្សព្វផ្សាយឱ្យបានត្រឹមត្រូវដើម្បីឱ្យពួកគាត់យល់ ត្រូវមានតួនាទី និងទំនួលខុសត្រូវដូចម្ដេចខ្លះ ក្នុងនាមជាប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំ នេះជាកត្តាសំខាន់បំផុត។ ចំពោះក្រុមអ្នកធ្វើការងារលើផ្នែកបរិស្ថានមួយចំនួន មានក្រុមយុវជនសំរាមផងដែរ បាននាំគ្នារិះរកវត្ថុធាតុដើមពីធម្មជាតិ ដើម្បីផលិតជាសម្ភារៈមួយចំនួនជំនួសឲ្យការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើប្រាស់ម្តងហើយបោះចោល ”។

សូមបញ្ជាក់ផងដែរថា លោក សាន ដារ៉ាវីត បច្ចុប្បន្នមានអាយុ៣០ឆ្នាំ ជាប្រធានក្រុមយុវជនសំរាមដ៏គំរូមួយក្នុងសង្គម ដែលបច្ចុប្បន្នមានការគាំទ្រច្រើនខ្លាំងពីគ្រប់គ្នា។ លោកជាមនុស្សដំបូងក្នុងការចេញមុខដឹកនាំយុវជនស្ម័គ្រក្នុងការសម្អាតសំរាម និងកែច្នៃសំរាមដែលអាចប្រើប្រាស់បានវិញ ដើម្បីធ្វើឱ្យទីក្រុងភ្នំពេញក្លាយជាទីក្រុងដែលគ្មានសំរាមជាពិសេសគឺប្លាស្ទិកតែម្ដង។ ក្រុមយុវជនសំរាម បានធ្វើសកម្មភាពប្រមូលសំរាមនៅតាមតំបន់នានា ពិសេសនៅក្នុងលូទឹកស្អុយបឹងត្របែក ក្នុងខណ្ឌចម្ការមន កាលពីដើមខែមីនា ឆ្នាំ២០១៩ មកទល់បច្ចុប្បន្ននេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សំរាម
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង