Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាគ្រោងនាំចេញម្សៅថ្មក្វាតទៅចិន ៣ម៉ឺនតោនក្នុងមួយខែ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន «នូរី ត្រេឌីង & អ៊ិនវេសម៉ិន ឯ.ក» ដែលមានការសហការយ៉ាងជិតស្និទ្ធជាមួយវិនិយោគិនចិន បានបង្ហើបថា កំពុងរៀបចំនាំចេញម្សៅថ្មក្វាត (Quartz) ចំនួន ៣ម៉ឺនតោនក្នុងមួយខែ ទៅកាន់ទីផ្សារប្រទេសចិន នៅបន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥។

ម្សៅថ្មក្វាត ជាម្សៅពណ៌សដែលកិនចេញពីកម្ទេចថ្មតូចៗ មានតួនាទីសំខាន់ក្នុងការផលិតម៉ាបសិប្បនិម្មិត (Artificial Stone Slab) ដែលអាចបញ្ចូលពណ៌នានា និងរូបភាពទៅតាមតម្រូវការម៉ូតសម័យ។ ម៉ាបសិប្បនិម្មិតនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការផលិតតុ កៅអី គ្រឿងសង្ហារឹម និងសម្ភារៈស្ថាបត្យកម្មផ្សេងៗ។

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោកស្រី កែកុល សោភា ប្រធានក្រុមហ៊ុនបានបញ្ជាក់ថា បើគ្មានបញ្ហាអ្វីប្រែប្រួល ការនាំចេញនឹងចាប់ផ្ដើមធ្វើឡើងក្រោយចូលឆ្នាំខ្មែរខាងមុខនេះ ដោយគ្រោងនាំចេញចំនួន ៣ម៉ឺនតោនក្នុងមួយខែទៅកាន់ទីផ្សារចិន។

លោកស្រីបានបន្ថែមថា ក្រុមហ៊ុន «នូរី ត្រេឌីង & អ៊ិនវេសម៉ិន ឯ.ក» គឺជាក្រុមហ៊ុនតែមួយគត់របស់កម្ពុជា ដែលបានទទួលសិទ្ធិវិនិយោគផលិតម្សៅថ្មក្វាតពីក្រសួងរ៉ែ និងថាមពល ក្នុងឆ្នាំ២០២៣។ ទីតាំងរោងចក្រ និងទីតាំងផលិតស្ថិតនៅភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។ គម្រោងនេះមានទុនវិនិយោគសរុប ៩លានដុល្លារ សម្រាប់សាងសង់រោងចក្រ និងដំណើរការផលិត។

បច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងសិក្សា និងវាយតម្លៃសក្តានុពលនៃការបើករោងចក្រកែឆ្នៃម្សៅថ្មក្វាតទៅជាម៉ាបសិប្បនិម្មិត នៅក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងណា ការសម្រេចចិត្តនឹងអាស្រ័យទៅលើបរិមាណ និងគុណភាពធនធានថ្មក្វាត ដែលមាននៅក្នុងស្រុក។

លោកស្រី កែកុល សោភា បញ្ជាក់ថា ក្រៅពីទីតាំងផលិតនៅខេត្តព្រះវិហារដែលមានស្រាប់រួចហើយ ក្រុមហ៊ុនក៏បានទទួលការអនុញ្ញាតជាគោលការណ៍ពីក្រសួងរ៉ែ និងថាមពល ដើម្បីសិក្សាថ្មក្វាតបន្ថែម​ ស្ថិតនៅឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងរងចាំការឆ្លើយតបអនុញ្ញាតជាគោលការណ៍ពីក្រសួងបរិស្ថាន ដើម្បីអាចចាប់ផ្តើមការសិក្សានៅទីតាំងនោះ។

លោកស្រីបន្តថា ប្រសិនបើទទួលបានអនុញ្ញាតពេញលេញ និងលទ្ធផលសិក្សាបង្ហាញថាតំបន់នេះមានធនធានថ្មក្វាតគ្រប់គ្រាន់និងមានគុណភាព ក្រុមហ៊ុនមានលទ្ធភាពនិងការត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីវិនិយោគសាងសង់រោងចក្រផលិតម្សៅថ្មក្វាតនៅក្នុងតំបន់នោះផងដែរ។

លោកស្រីបន្ថែមទៀតថា បើសិនជាធនធានម្សៅថ្មក្វាតនៅក្នុងស្រុកមានគ្រប់គ្រាន់ ក្រុមហ៊ុននឹងបន្តសហការជាមួយដៃគូ ដើម្បីរៀបចំគម្រោងវិនិយោគសាងសង់រោងចក្រផលិតម៉ាបសិប្បនិម្មិត នៅក្នុងប្រទេស ដែលអាចបម្រើបានទាំងទីផ្សារផ្ទៃក្នុង និងទីផ្សារបរទេស។

លោកស្រីបានសង្កត់ថា ការនាំចេញវត្ថុធាតុដើម ឬផលិតផលពាក់កណ្ដាលសម្រេចទៅក្រៅប្រទេស គឺជារឿងគួរឱ្យសោកស្តាយ ពីព្រោះវាបាត់បង់តម្លៃបន្ថែម។ «បើយើងអាចកែឆ្នៃតាមបច្ចេកវិជ្ជាក្នុងស្រុក អាចបង្កើតការងារច្រើនជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ និងជួយឲ្យសេដ្ឋកិច្ចមូលដ្ឋានរីកចម្រើន»។

យោងតាមព័ត៌មានដែលស៊ីស៊ីថាមស៍ទទួលបាន បច្ចុប្បន្នក្រុមហ៊ុននូរី ត្រេឌីង & អ៊ិនវេសម៉ិន ឯ.ក កំពុងសហការជាមួយក្រុមហ៊ុនឈានមុខមួយនៅខេត្តហ្វូជៀន ប្រទេសចិន ដែលមានជំនាញខ្ពស់ក្នុងវិស័យកែឆ្នៃនិងនាំចេញថ្មម៉ាបទៅកាន់ទីផ្សារពិភពលោក។ ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាជាដៃគូដែលមានសក្ដានុពល និងមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យនេះ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង