681 ezgif.com resize
Swift cc time

កម្ពុជាមានស្ថានភាពខ្យល់«មធ្យម»ក្នុងកម្រិតពណ៍លឿងនៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ កម្ពុជា មានសន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិត «មធ្យម» ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង។ ក្នុងស្ថានភាពគុណភាពខ្យល់បែបនេះ មនុស្សទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះធម្មតា។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា តាមរយៈទិន្នន័យនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បង្ហាញថា កម្រិតភាគល្អិតនិចល PM2.5 បានឡើងលើសស្តង់ដាកំណត់ពោលគឺលើស ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលមានន័យថា សន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិត «មធ្យម» ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង។ ក្នុងស្ថានភាពគុណភាពខ្យល់បែបនេះ មនុស្សទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះធម្មតា។

ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៤៧.២៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ ក្នុងការតាមដាននេះ ខេត្តដែលមានសន្ទស្សន៍គុណភាពខ្យល់ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ គឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តកែប និងខេត្តត្បូងឃ្មុំ។

ចំពោះពណ៌បៃតង គុណភាពខ្យល់ល្អមាន៖ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគីរី ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ ខេត្តពោធិ័សាត់ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តតាកែវ។ ដោយឡែកក្នុងសន្ទស្សន៍ពណ៌លឿងៈ មានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តសៀមរាប។

អ្នកនាំពាក្យរូបនេះ បានសំណូមពរ ដល់អ្នកពាក់ព័ន្ធ ជាពិសេសសាធារណជន បន្តចូលរួមអនុវត្តវិធានតាមការណែនាំ របស់សារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ៕

Khcct banner

អត្ថបទទាក់ទង